ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
តាមពិតកម្មវិធីកម្សាន្ត « ល្អមើល ល្អសើច » ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ជាស្នាដៃដឹកនាំរបស់តារាកំប្លែង នាយ គ្រឿន តែម្នាក់ឯង ដោយលោកបានខំប្រឹងធ្វើការងារនេះខ្លាំងណាស់ ប៉ុន្តែលោកព្យាយាមលាក់បាំងមិនចង់បង្ហាញថាកម្មវិធីនេះរបស់ខ្លួនឡើយ ។
ស្របពេលកម្មវិធីកម្សាន្ត « ល្អមើល ល្អសើច » កំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន បានធ្វើឱ្យទស្សនិកជនជាច្រើនគិតថា កម្មវិធីដ៏ល្អនេះគឺជាស្នាដៃរបស់នាយ ពែកមី និងលោកតា វិចទ័រ តែការពិតទៅកម្មវិធីកម្សាន្តមួយដ៏ល្អមួយនេះគឺជាស្នាដៃដឹកនាំនិងផលិតដោយនាយ គ្រឿន តែម្នាក់ឯងប៉ុណ្ណោះ ។
ក្នុងសប្តាហ៍ដំបូងនៃការចាក់ផ្សាយកម្មវិធី « ល្អមើល ល្អសើច » « ១៦៨ យប់ » និង កម្មវិធី « ផ្ទះលេខ ១ ផ្ទះលេខ ២ » ពិតជាធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនិងការវិលត្រឡប់របស់តារាកំប្លែងល្បីៗជាច្រើននៅក្នុងក្រុមលោកតា វិចទ័រ ដូចជា នាយ ពែកមី និងនាយ គ្រឿនជាដើម ...។
ក្នុងចំណោមកម្មវិធីទាំង ៣ នេះ គឺមានអ្នកដឹកនាំផ្សេងៗគ្នា ជាពិសេសកម្មវិធី « ល្អមើល ល្អសើច » គឺជាស្នាដៃដឹកនាំរបស់នាយ គ្រឿន ផ្ទាល់តែម្តងដែលគ្រប់គ្នាយល់ច្រឡំថា កម្មវិធីនេះគឺជាការដឹកនាំរបស់ នាយ ពែក មី និងលោកតា វិចទ័រ ។
តារាកំប្លែង នាយ គ្រឿន កាន់តែលេចមុខខ្លាំងនៅក្នុងវិស័យសិល្បៈបន្ទាប់ពីបានសាងស្នាដៃក្នុងភាពយន្តជាច្រើន ជាពិសេសថ្មីៗនេះក្រោយពីមានវត្តមាននៅក្នុងកម្មវិធី « ល្អមើល ល្អសើច » កាន់តែបង្ហាញឱ្យឃើញថា តារាកំប្លែងរូបនេះកំពុងជោគជ័យខ្លាំងក្នុងជីវិតសិល្បៈ ។
នាយ គ្រឿន មិនបានទទួលស្គាល់ខ្លួនជាអ្នកដឹកនាំនៅក្នុងកម្មវិធីនេះទេ ប៉ុន្តែលោកតា វិចទ័រ និងនាយ ពែកមី បានបញ្ជាក់ប្រាប់ថា កម្មវិធីនេះ នាយ គ្រឿនជាអ្នកធ្វើដោយផ្ទាល់ គ្រាន់តែនាយ គ្រឿន ដាក់ខ្លួន និងមិនចង់ឱ្យនរណាដឹងប៉ុណ្ណោះ ។នាយ គ្រឿន បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា លោកពិតជាសប្បាយចិត្តណាស់ដែលបានវិលត្រឡប់មកជួបទស្សនិកជនជាថ្មីម្តងទៀត បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេល ។
ក្រៅពីដឹកនាំនៅក្នុងកម្មវិធី « ល្អមើល ល្អសើច » នាយ គ្រឿន មានគម្រោងការងារថ្មីៗនជាច្រើនទៀតត្រៀមបង្ហាញទស្សនិកជននៅក្នុងពេលឆាប់ៗខាងមុខ លោកបានបន្ថែមទៀតថា ឆ្នាំថ្មីនេះលោកមមាញឹកនៅក្នុងការងារសម្តែងច្រើន បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន ដូច្នេះប្រាក់ចំណូលក៏ច្រើនទៅតាមនោះដែរ ដូចច្នេះហើយទើបលោកខំប្រឹងទាំងយប់ទាំងថ្ងៃដើម្បីសន្សំប្រាក់ឱ្យបានច្រើន ព្រោះដឹងស្រាប់ហើយឱកាសល្អ មិនចេះតែមានរហូតនោះទេ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា