ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

ករណីកុមារីជនជាតិថៃរួចផុតពីការសម្លាប់រង្គាលកាលពីសប្ដាហ៍មុន បានក្លាយជាអព្ភូតហេតុដ៏អស្ចារ្យ១

កុមារីអាយុ៣ឆ្នាំម្នាក់អាចរួចផុតពីការសម្លាប់រង្គាលកាលពីសប្ដាហ៍មុននៅឯមជ្ឈមណ្ឌលថែទាំកុមារ ដែលប្រព្រឹត្តឡើងដោយបុរសម្នាក់កាលពីថ្ងៃទី៦ ខែតុលា។ កាលណោះ កុមារីរូបនេះមិនត្រូវបានឃាតកររកឃើញទេ ហើយកុមារីអាចរួចផុតពីសេចក្ដីស្លាប់ ដែលគេប្រៀបប្រដូចករណីនេះទៅនឹងអព្ភូតហេតុដ៏អស្ចារ្យមួយ។

 

 

 

 

 

កុមារីផាវីនុត.សុផលវង្ស(Paveenut Suopolwong)ដែលគេច្រើនហៅថាអេមី (Ammy)ជានិច្ចកាលជាក្មេងដែលឆាប់ភ្ញាក់នៅពេលមានសំឡេងសូម្បីតែបន្តិចបន្តួចមករំខាន។ ប៉ុន្តែចម្លែកអ្វីនៅវេលាថ្ងៃត្រង់នៃថ្ងៃកើតហេតុនោះ មានសំឡេងក្ដុងក្ដាំងខ្លាំងៗ បន្ទាប់ពីឃាតករធាក់ទ្វារចូលទៅក្នុងបន្ទប់ និងបើកយុទ្ធនាការសម្លាប់កុមារ២២នាក់ម្ដងមួយៗ។

 

កាលនោះ អេមីបែរជាគេងយ៉ាងលង់លក់ដោយមានភួយដណ្ដប់ជិតពីលើដងខ្លួន និងមុខរបស់នាង។ ប៉ាម៉ាក់របស់នាងយល់ថាដោយសារគេងបែបនេះទើបនាងអាចរួចផុតពីសេចក្ដីស្លាប់។ អេមីជាកុមារីតែម្នាក់គត់ដែលអាចគេចផុតពីសេចក្ដីស្លាប់ដោយសុវត្ថិភាព។ ប៉ាម៉ាក់របស់នាងប្រាប់ថាអេមីហាក់ដូចជាភ្លេចអស់ហើយនូវហេតុការណ៍ដែលកើតឡើងនៅថ្ងៃនោះ។

 

 

 

 

 

មានគេឃើញនាងដើររេរាចុះឡើងៗនៅក្នុងបន្ទប់ថ្នាក់រៀន បន្ទាប់ពីឃាតករចាកចេញពីមជ្ឈមណ្ឌលថែទាំកុមារ។ ឃើញដូចនេះ គេក៏ពរនាងចេញទៅក្រៅដោយយកកន្សែងគ្របមុខរបស់នាងដើម្បីកុំឲ្យមើលឃើញទិដ្ឋភាពដ៏រន្ធត់។

 

កាលពីល្ងាចថ្ងៃអាទិត្យ, គ្រួសាររបស់នាងអង្គុយជុំគ្នាឲ្យលោកអាចារ្យសូត្រធម៌រំដោះគ្រោះសម្រាប់កុមារដែលឆ្លងកាត់រឿងរ៉ាវអាក្រក់ទាំងនោះ។ អេមីអង្គុយដោយស្ងៀមស្ងាត់នៅលើភ្លៅរបស់ម៉ាក់នាង ងាកឆ្វេងងាកស្ដាំ និងកាន់ទៀន២ដើម។

 

សាច់ញាតិរបស់នាងបួងសួងសូមសេចក្ដីសុខសប្បាយ។ ពួកគេយកអម្បោះឆៅរុំជុំវិញកដៃរបស់អេមីដើម្បីពាក់ឲ្យមានសេចក្ដីសុខសប្បាយ មានគេតាមថែរក្សា។ ពាក់ព័ន្ធនឹងការរួចផុតជីវិតដ៏ចម្លែកនេះ, ម៉ាក់របស់អេមីជឿថានាងមានបារមីអ្នកមានបុណ្យតាមថែរក្សា។

 

 

 

 

អ្នកស្រីយល់ថាអេមីជាកុមារីដែលងាយនឹងភ្ញាក់ពីគេងដោយគ្រាន់តែស្ដាប់ឮសំឡេងបន្តិចបន្តួច។ ដូច្នេះនៅថ្ងៃដែលកើតមានអំពើឃាតកម្មនោះ ប្រាកដជាបារមីអ្នកមានបុណ្យយកភួយមកគ្របដណ្ដប់ជិតដើម្បីបំបាំងភ្នែកឃាតករ ហើយបារមីនោះបិទភ្នែក បិទត្រចៀកអេមី ដើម្បីកុំឲ្យនាងស្ដាប់ឮ ឬមើលឃើញអ្វីៗជុំវិញខ្លួន។ អ្នកស្រីយល់ថាមនុស្សយើងមានជំនឿផ្សេងៗគ្នា។

 

ជួនកាលនិយាយអីចឹងៗប្រាប់អ្នកដទៃគេមិនជឿទេ។ ប៉ុន្តែសម្រាប់អ្នកស្រី អ្នកស្រីជឿថាកូនស្រីម្នាក់នេះមានគេតាមថែរក្សា៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025