ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

ត្រីមាសទី៣ឆ្នាំ២០២២នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង៤០ពាន់លានដុល្លារកើនឡើង១៨%

១២ តុលា ២០២២ | សេដ្ឋកិច្ច

 


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា គិតពីខែមករា ដល់ខែកញ្ញានេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៤០ពាន់លានដុល្លារ កើនឡើង១៨% ដោយក្នុងនោះ ការនាំចេញទំនិញផ្សេងៗមានតម្លៃជាង ១៧ពាន់លានដុល្លារកើនឡើង២២% ប្រទេសជាដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជា គឺសហរដ្ឋអាមេរិក ដែលការនាំចេញរបស់កម្ពុជាទៅប្រទេសនេះ មានទំហំជាង ៧ពាន់លានដុល្លារ កើនឡើង២៩%, ប្រទេសជប៉ុនមានតម្លៃជិត៩០០លានដុល្លារកើនឡើង ៨%, ប្រទេសកាណាដាមានជាង ៨០០លានដុល្លារ កើនឡើង ២២%, ប្រទេសចិនតម្លៃជិត៩០០លានដុល្លារកើនឡើង ថយចុះ ១៨% រួមនឹងប្រទេសផ្សេងៗទៀតផងដែរ។

 


ទន្ទឹមគ្នានេះដែរ ក្នុងរយៈពេល៩ខែនេះ កម្ពុជាបាននាំចូលទំនិញពីដៃគូពាណិជ្ជកម្មមួយចំនួនមកវិញ ក្នុងតម្លៃជាង ២៣ពាន់លានដុល្លារ កើនឡើង១៥%។ ចិនជាប្រទេសដែលត្រូវបាននាំចូលទំនិញមកកម្ពុជាច្រើនជាងគេ ក្នុងតម្លៃជិត៨ពាន់លានដុល្លារកើនឡើង១៤%, ប្រទេសថៃជិត៣ពាន់លានដុល្លារកើនឡើង ២៥%, ប្រទេសវៀតណាមជាង ៣ពាន់លានដុល្លារកើនឡើង ៣៤%, សិង្ហបុរី តម្លៃជិត ៣ពាន់លានដុល្លារថយចុះ ២១% និងតៃវ៉ាន់ក្នុងតម្លៃជាង ៨០០លានដុល្លារកើនឡើង ១៤%។

 


ទំនិញដែលកម្ពុជានាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ស្បែកជើង វត្ថុធ្វើពីស្បែក រោមសត្វ និងទំនិញផ្សេងៗទៀតដូចជាធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ បន្លែ ផ្លែឈើជាដើម។

 


ទន្ទឹមនឹងការកើនឡើងនេះ អ្នកជំនាញសេដ្ឋកិច្ច ជំរុញឱ្យកម្ពុជា ពង្រឹងបន្ថែមលើវិស័យកសិកម្ម សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ក្រោយលោកបានមើលឃើញពីវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែ  ដែលបាននឹងកំពុងកើនកម្តៅឡើងវិញ ដែលអាចនឹងជះឥទ្ធិពលដល់ការនាំចេញផលិតផលកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ខណៈអឺរ៉ុប និងអាមេរិក ជាទីផ្សារនាំចេញសំខាន់របស់កម្ពុជា ដែលកំពុងជួបវិបត្តិដោយសារសង្រ្គាមនេះ។

 


គួរបញ្ជាក់ថា បើមើលពីរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ  ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ  មានទំហំទឹកប្រាក់ប្រមាណ ១ម៉ឺន ៧ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដោយការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើន ២៣ភាគរយ និងផលិតផលធ្វើដំណើរនិងកាបូប មានកំណើន ៣៦ភាគរយ៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025