ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
រឿង « លោកគ្រូប្រពន្ធល្អ » មិនត្រឹមតែត្រៀមដាក់បញ្ចាំងនៅក្នុងស្រុកប៉ុណ្ណោះទេ ភាពយន្តដ៏ល្អមួយនេះត្រៀមនឹងចេញទៅវាយលុកទីផ្សារក្រៅប្រទេសថែមទៀត បន្ទាប់ពីបញ្ចាំងនៅក្នុងស្រុករួច ដោយសារតែភាពយន្តនេះបង្កប់ទៅដោយខ្លឹងសារ និងមានចំណុចពិសេសៗជាច្រើន ។
ទីបំផុតរឿង « លោកគ្រូ ប្រពន្ធល្អ » ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្តែងរបស់ផលិតករល្បីឈ្មោះ លោក ឆាយ បូរ៉ា និងជាស្នាដៃសម្តែងដំបូងរបស់លោក ព្រហ្ម ម៉ាញ បានដាក់សម្ពោធបញ្ចាំងជាផ្លូវការហើយកាលពីថ្ងៃទី ០៣ ខែ តុលា កន្លងមកនេះដោយមានវត្តមានសិល្បករល្បីៗជាច្រើនចូលរួមអបអរសាទរ ភាពយន្តថ្មីនេះក៏ត្រៀមនឹងទៅវាយលុកទីផ្សារក្រៅប្រទេសផងដែរ ។
រឿង « លោកគ្រូប្រពន្ធល្អ » ផ្តើមថតតាំងពីអំឡុងឆ្នាំ ២០២០ មកម្ល៉េះ តែដោយសារបញ្ហាជំងឺកូវីដ ១៩ ពុំទាន់ធូរស្រាល ទើបធ្វើឱ្យអ្នកដឹកនាំរឿងសម្រេចចិត្តផ្អាកមិនទាក់ដាក់បញ្ចាំងរឿងនេះ ។
តាសម្តីលោក ឆាយ បូរ៉ា ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្តែងនៅក្នុងភាពយន្តដ៏ល្អមួយនេះ លោកបានបញ្ជាក់ប្រាប់ថា តាមគម្រោងរឿង «លោកគ្រូប្រពន្ធល្អ » ត្រូវចំណាយពេលវេលាថតយ៉ាងតិចក៏ជិត ៣ ខែដែរ តែដោយសារពេលនោះផ្ទុះកូវីដខ្លាំងពេក លោកនិងក្រុមការងារបានប្រឹងប្រែងថតទាំងយប់ទាំងថ្ងៃឱ្យរួចរាល់ក្នុងរយៈពេល ១៨ ថ្ងៃ ជាលទ្ធផលយើងទាំងអស់គ្នាធ្វើបានយ៉ាងល្អហួសពីការរំពឹងទុក ទាំងតារាសម្តែង និងក្រុមការងារបានផ្តល់ភាពងាយស្រួលសម្រាប់ក្រុមផលិត ។
លោក ឆាយ បូរ៉ា បានបន្ថែមទៀតថា រឿង « លោកគ្រូប្រពន្ធល្អ » ជាភាពយន្តថ្មីមួយឆ្លុះបញ្ចាំងពីតថភាពជីវិតក្នុងសង្គម មានទាំងកំប្លែង និង ការអប់រំ ។ ក្នុងរឿងនេះផងដែរក៏មានចំណុចពិសេសៗជាច្រើន ដែលធ្វើឱ្យលោកត្រៀមយកស្នាដៃថ្មីនេះចេញទៅវាយលុកទីផ្សារក្រៅប្រទេសទៀត ។
រឿង « លោកគ្រូប្រពន្ធល្អ » ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួបដូចជា លោក ព្រហ្ម ម៉ាញ , លោក ទេព រិនដារ៉ូ , លោក ទ្រី ដារ៉ាវុទ្ធ អ្នកនាង គ្រត កញ្ញា ឃីញ វិច្ឆិកា និងតារាផ្សេងៗជាច្រើនរូបទៀត តែតួអង្គសំខាន់ក្នុងរឿងនេះគឺលោក ព្រហ្ម ម៉ាញ តែម្តង ។ ទស្សនិកជនជាច្រើនឆ្ងល់ថា តើហេតុអ្វីបានជាលោក ព្រហ្ម ម៉ាញ ទទួលថតរឿង « លោកគ្រូប្រពន្ធល្អ » នេះ ? ទាំងដែលលោកជាអ្នកអាយ៉ៃឆ្លើយឆ្លង ។
ជួបជាមួយលោក ព្រហ្ម ម៉ាញ ផ្ទាល់ក្នុងថ្ងៃសម្ពោធរឿង « លោកគ្រូប្រពន្ធល្អ » លោកបានឱ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ដែលមានឱកាសចូលរួមសម្តែងក្នុងភាពយន្តដ៏ល្អមួយនេះ មានមូលហេតុជាច្រើនដែលលោកសម្រេចចិត្តទទួលថតរឿងនេះ ។
បើតាមគម្រោងរឿង « លោកគ្រូប្រពន្ធល្អ » នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ០៥ ខែ តុលា នេះ ទាំងអ្នកដឹកនាំរឿង និង តារាសម្តែង សុទ្ធតែរំពឹងយ៉ាងខ្លាំងថា រឿងនេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននៅពេលដាក់បញ្ចាំង ។ ប្រសិនបើចង់ដឹងថា រឿង « លោកគ្រូប្រពន្ធល្ធ » មានសាច់រឿងល្អមើលយ៉ាងណា កុំភ្លេចទៅទស្សនាទាំងអស់គ្នា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា