ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រសជាតិអ្នកមានវគ្គ «ស្នេហា Cover» ក្រុងពាលីចេញថតយ៉ាងអធិកអធម ព្រឹកមិញនេះ!

៣០ កញ្ញា ២០២២ | កម្សាន្ដ

 

បន្ទាប់ពីជោគជ័យផ្ទួនៗលើការផលិត ៣វគ្គ កាលពីពេលកន្លងទៅ រសជាតិអ្នកមាន វគ្គ «ស្នេហា Cover» ដែលជាវគ្គទី៤ បានក្រុងពាលីបើកកាម៉េរាចេញថតហើយកាលពីព្រឹកមិញនេះ ក្រោមវត្តមានសិល្បករល្បីៗយ៉ាងច្រើនកុះករ។

 

អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញ អ្នកស្រី ពាន់ ភួងបុប្ផា នៅព្រឹកមិញនេះ បានប្រារព្វពិធីក្រុងពាលីចេញថតភាពយន្តភាគខ្នាតធំថ្មីមួយ ចំណងជើង «ស្នេហា Cover» ជាវគ្គទី៤ នៃភាពយន្តជាស៊េរី រសជាតិអ្នកមាន ដែលធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងក្លាពីទស្សនិកជន។ ផ្តល់កិច្ចសម្ភាសន៍ជាមួយ PNN ក្នុងពិធីក្រុងពាលី អ្នកដឹកនាំពោរពេញដោយបទពិសោធន៍នេះថា ដ្បិតជាចង្កោមនៃរឿង រសជាតិអ្នកមាន ប៉ុន្តែ «ស្នេហា Cover» ជាសាច់រឿងថ្មីមួយទៀតដែលនិយាយពីប្រភេទស្នេហាបិទបាំង ជាស្នេហាដែលស្ថិតនៅក្រោមការបិទបាំងរបស់ស្នេហាមួយទៀត ព្រោះផលលំបាកអ្វីមួយរបស់បុគ្គលណាម្នាក់ ដែលនេះគឺខុសដាច់ពីសាច់រឿងវគ្គ៣ ដែលនិយាយរៀបរាប់ពីខ្សែជីវិត និងការតស៊ូរបស់ស្រ្តីមេម៉ាយ។

 

 

អ្នកស្រីបន្តថា «ស្នេហា Cover» ជារឿងប្រឌិត មិនមែនរឿងពិតរបស់បុគ្គលណាម្នាក់នោះទេ តែដើម្បីឱ្យសាច់រឿងកាន់តែស៊ីជម្រៅសម្រាប់អ្នកទស្សនា អ្នកស្រីបានច្បិចយករឿងពិតដែលកើតឡើងក្នុងសង្គមបច្ចុប្បន្នមកដាក់ក្នុងរឿងនេះផងដែរ។ ចំនុចអប់រំធំបំផុតក្នុងរឿងនេះ គឺអប់រំឱ្យមនុស្សកុំរស់នៅក្នុងភាពកុហក។ បើនិយាយពីផ្លូវធម៌ ការកុហកជារឿងបាប ហើយបើនិយាយពីផ្លូវច្បាប់ គឺយើងប្រៀបដូចមនុស្សគ្មានសច្ចៈ និងគ្មានភាពស្មោះត្រង់ចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួន។

 

 

ដូច្នេះរឿងនេះនឹងឆ្លុះបញ្ចាំងឱ្យគ្រប់គ្នាឃើញរឿងរ៉ាវស្មុគស្មាញជាច្រើននៅពីក្រោយស្នេហាបិទបាំង។ ចំណែក តារាសម្តែងវិញនោះ ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ដោយជ្រើសយកសុទ្ធតែតារាសម្តែងពេញដោយបទពិសោធន៍ សមត្ថភាព និងទំនូលខុសត្រូវ ថែមទាំងមានរូបសម្រស់ស្រស់សង្ហា និងឆន្ទៈក្នុងការសម្តែង ដើម្បីឱ្យស័ក្កសមនិងសាច់រឿងនេះ។

 

 

រឿង «ស្នេហា Cover» មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបរួមមាន លោក ឃឹម សានីត កញ្ញា សោម ស្រីនាថ លោក ភួង សាវតា កញ្ញា ហេង កូស៊ីន កញ្ញា ខាត់ ស្រីច័ន្ទ លោក មូល សារ៉ាវ៉ាន់ កញ្ញា នៅ ដាណា កញ្ញា អ៊ឹង និមល និងតារាប្រុសស្រីល្បីៗជាច្រើនរូបផ្សេងទៀត។

 

 

តាមការគ្រោងរឿងនេះ នឹងចាប់ផ្តើមបើកកាម៉េរ៉ាចេញថតនៅដើមខែតុលា និងគ្រោងបិទបញ្ចប់ការថតនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ តាមការឱ្យដឹងរបស់ អ្នកស្រី ពាន់ ភួងបុប្ផា រឿងនេះមានប្រហែលជា៦០ភាគ និងគ្រោងថតនៅទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ និងខេត្តធំៗចំនួន៣ គឺខេត្តសៀមរាប កំពត និងកោះកុង នៅតំបន់កោះស្តេច៕

 

 

អត្ថបទ៖ រ៉ា់ត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024