ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

“លោកបងខ្មោចជួយផង” ខ្សែភាពយន្តភាគថៃថ្មីបែបអភិនីហារ មានទាំងកម្សត់ និងឈុតឆាកកំប្លែងៗ កំពុងចាក់ផ្សាយនៅ PNN 

២៣ កញ្ញា ២០២២ | កម្សាន្ដ

 

 

ខ្សែភាពយន្តភាគថៃថ្មីរឿង”លោកបងខ្មោចជួយផង” ដែលជាភាពយន្តភាគថ្មីសន្លាងមួយបែបអភិហារ មានទាំងកម្សត់ និងឈុតឆាកកំប្លែងៗកំពុងចាក់ផ្សាយនៅ PNN។

 

ការមកដល់នៃខ្សែភាពយន្តភាគថៃពី PNN  លើកនេះ ពិតជាមិនធ្វើអោយទស្សនិកជន ខកបំណងឡើយ ដោយប្លែកទាំងសាច់រឿង និងការសម្តែងក្នុងឈុតឆាកនីមួយៗ។ សម្រាប់រឿងភាគថៃដែលកំពុងតែចូលខ្លួនមកបម្រើអារម្មណ៍ហ្វេនៗ អ្នកទស្សនានេះ គឺ រឿង “លោកបងខ្មោចជួយផង” ដែលជាសាច់រឿងបែបកំប្លែងៗ លាយឡំនឹងស្នេហាមនោសញ្ចេតនា កម្សត់ ទឹកភ្នែក។ 

 

ជាសាច់រឿងមួយ អ្នកនិពន្ធចង់បង្ហាញពីចំណងនិស្ស័យ រវាងមនុស្សលោក និងអមនុស្ស ដែលជារឿងបែបអបិយជំនឿ លាយឡំនឹងភាពជាក់ស្តែងដែលបានកើតក្នុងជីវិតតួអង្គ នៅក្នុងរឿងនេះ។  “លោកបងខ្មោចជួយផង” ខ្សែភាពភាពយន្តភាគថៃថ្មី នឹងបង្កើនឲ្យអារម្មណ៍ទស្សនិកជន ទស្សនាហើយ ជក់ចិត្ត ផ្ទុះសំណើច ពីតួអង្គមនុស្ស និងខ្មោច ដែលបង្កើយបានជាឈុតឆាកកំប្លុកកំប្លែងថ្មីៗជាបន្តបន្ទាប់។ 

 

 

រឿងនេះដែរ គឺបង្ហាញពីជីវិតបុរសម្នាក់ដែលបានស្លាប់ទៅហើយ នៅវិលវល់ជាមួយនឹងឋានមនុស្សលោក ហើយជាប់ជំពាក់ជាមួយនឹងនារីរូបស្រស់ចិត្តល្អម្នាក់។
 នោះគឺ តួអង្គ មុទិតា គឺជានារីដែលមានរូបសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញ និងចូលចិត្តសម្រាប់មនុស្សនៅជុំវិញខ្លួន រហូតដល់មានវិញ្ញាណខ្មោចបុរសម្នាក់ឈ្មោះ នុន បែរជានៅតាមជាប់ ចង់អោយនាងយល់ពីចិត្តរបស់គេថែមទៀតផង។

 

 

រំលឹកថយក្រោយ មុនពេលដែលនុនស្លាប់ គាត់ត្រូវបាន ខាត់ ឃុន ដែលសង្សាររបស់មុទិតា ជួលអោយធ្វើជាអ្នករៀបចំថ្ងៃកំណើតរបស់នាង។ នុន មានគ្រួសារ មានប្រពន្ធកូនដែលកំពុងតែពរពោះ រង់ចាំខ្លួននៅឯផ្ទះ ។ នៅយប់ថ្ងៃនោះ បន្ទាប់ពីនុនបញ្ចប់ការងារជាអ្នករៀបចំមក ខ្លួនក៏ទទួលបានលុយជាច្រើនពីឃុន ហើយសង្ឃឹមនឹងយកទៅអោយភរិយាបណ្តូលចិត្ត។ សំណាងអាក្រក់កើតឡើង នុនត្រូវបានចោរតាមប្លន់លួចយកលុយនោះ ហើយសម្លាប់នៅតាមផ្លូវពីកំពុងធ្វើដំណើរទៅផ្ទះវិញ ដោយសារតែជួយមុទិតាពីពួកចោរ ។

 

 

 មុទិតា បាននៅក្នុងហេតុការណ៍ដ៏អាក្រក់នោះ ហើយនាងមិននឹកស្មានថា នុន ត្រូវបាត់បង់ជីវិតនោះទេ។ នុន តែបង្ហាញខ្លួនដូចជាមនុស្សនៅរស់ នៅក្បែរមុទិតា សុំការប្រឹក្សារយោបល់ពីនាង ក៏ព្រោះតែខ្លួនមិនបានបំពេញបំណងអោយប្រពន្ធកូនជាលើកចុងក្រោយ។ មុទិតា និងនុនជាព្រលឹងខ្មោច បានក្លាយជាមិត្តភក្តិនឹងគ្នាដោយមិនដឹងខ្លួន ហើយរាល់ពេលដែលមុទិតាមានបញ្ហា ឬអ្នកណាធ្វើបាប នុនតែងបង្ហាញខ្លួនជួយគ្នាគ្រប់ពេល។

 

 

យ៉ាងណាមិញ ខាងលើនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗ ពីសាច់រឿងទាំងមូលតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញឈុតឆាកល្អមើល កំប្លុកកំប្លែងយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលខ្សែភាពយន្តនេះកំពុងចាក់ផ្សាយ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក តទៅ ៕

 

 

អត្ថបទ និងរូបភាព៖ PNN
 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024