ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

២១ កញ្ញា ២០២២ | ព័ត៌មានជាតិ

 

 

ដើម្បីកសាងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ និងបានសម្រេចប្រកាសយកថ្ងៃពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត  ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ 

 


ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នេះ  ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និង ការផ្ដល់សុពលលើបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ មានរយៈពេល ៥០ថ្ងៃ គឺ ចាប់ផ្ដើមពីថ្ងៃទី២០ ខែ តុលា  រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ 

 

 

តាមការឱ្យដឹងបន្ថែម ក្នុងដំណាក់កាលនៃពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ គ.ជ.ប នឹងធ្វើការណែនាំបន្ថែមដល់មន្រ្ដីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ស្របតាមគោលការណ៍របស់ ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត។

 

 

បន្ថែមលើនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ផ្លូវការឆ្នាំ២០២១ និងដើម្បីផ្ដល់ព័ត៌មានបន្ថែមដល់ប្រជាពលរដ្ឋអំពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតប្រធានគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពលិខិតអញ្ជើញ ដែលមានទិន្នន័យរបស់ ប្រជាពលរដ្ឋម្នាក់ៗ ហើយទិន្នន័យទាំងនោះ នឹងអាចទាញចេញពីទិន្នន័យក្នុង បញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២១ បានផងដែរ។

 

 

គួរបញ្ជាក់ជូនថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានគោលដៅ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការចុះឈ្មោះប្រជាពលរដ្ឋ ការកែតម្រូវទិន្នន័យ ការផ្ទេរទិន្នន័យ និងការលុបឈ្មោះក្នុងបញ្ជីបោះ ឆ្នោតជាដើម៕

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024