ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជារ កចំណូលបានជាង ៣០០លានដុល្លារពីការនាំចេញជ័រកៅស៊ូ ទៅកាន់ទីផ្សារក្រៅប្រទេស

២០ កញ្ញា ២០២២ | សេដ្ឋកិច្ច


៨ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជារកចំណូលបានជាង៣០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយនៅក្នុងនោះការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ប្រមាណ៣០៤ដុល្លារ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៣០១លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូមានប្រមាណ៣លានដុល្លារ។


បើយើងមើលពីបរិមាណ នៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩ម៉ឺនតោន កើនឡើងចំនួន១៤០០តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២ម៉ឺនម៉ែត្រគូប។

 


សម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម គិតត្រឹមខែសីហា ឆ្នាំ២០២២ មានតម្លៃថ្លៃ១,៥៥៣ដុល្លារ ក្នុងមួយតោន ថយចុះប្រមាណ១១០ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

 


ក្នុងខែសីហា ឆ្នាំ២០២២នេះដដែល ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានប្រមាណ ៣១ម៉ឺនហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩ម៉ឺនហិកតា ស្មើនឹង២៣%។

 


គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូមានចំនួន៣៦ម៉ឺនតោន និងនាំចេញឈើកៅស៊ូមានប្រមាណ៤៥០ម៉ែត្រគូប៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024