ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
មេធាវីតំបន់ម៉ាន់ហាតាន់ (Manhattan) នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបានធ្វើបទបង្ហាញកាលពីពេលថ្មីៗនេះពីវត្ថុបុរាណចំនួន ៥៨ ដែលគេបានលួចមានតម្លៃប្រមាណ ១៩ លានដុល្លារ ហើយមេធាវីនេះបាននិយាយថា ខ្លួននឹងប្រគល់វត្ថុបុរាណទាំងនេះទៅឱ្យប្រទេសអ៊ីតាលីវិញ។
វត្ថុបុរាណទាំងនេះរួមទាំងព្រះកេសបដិមាអាថេណាធ្វើពីថ្មម៉ាប (The Marble Head of Athena) ដែលមានតម្លៃប្រមាណ ៣ លានដុល្លារផងដែរ។ នេះបើយោងតាមលោកវរៈសេនីយ៍ឯក ម៉ាស៊ូ បូកដណូស (Matthew Bogdanos) ដែលជាប្រធានអង្គភាពជួញដូរវត្ថុបុរាណរបស់ការិយាល័យ Manhattan DA។
មិនខុសពីវត្ថុបុរាណមួយចំនួនទៀតនោះទេគឺថា ព្រះកេសបដិមានេះត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Metropolitan Museum of Art នៅក្នុងទីក្រុងញូវយ៉ក ហើយលោក បូកដាណូស បាននិយាយថា ពួកគេមានឯកសិទ្ធិក្នុងការប្រគល់វត្ថុបុរាណនេះទៅឱ្យប្រទេសដើមវិញនៅពេលនេះ។
ក្រៅពីវត្ថុបុរាណនេះក៏នៅមានវត្ថុបុរាណផ្សេងៗទៀតផងដែរមានដូចជាពែងផឹកទឹកពណ៌ស និងក្បាលបដិមារបស់បុរសម្នាក់ធ្វើពីសំរិទ្ធិព្រមទាំងវត្ថុបុរាណមួយចំនួនទៀតមានដូចជា ថូ ចាន និងសម្ភារៈផ្ទះបាយផ្សេងៗទៀតផងដែរ។
នៅក្នុងពិធីប្រគល់វត្ថុបុរាណនេះដើម្បីបញ្ជូនត្រឡប់ទៅកាន់ទឹកដីកំណើតវិញនោះគឺមានវត្តមានរបស់ឧត្តមសេនីយ៍ប៉ូលិសរបស់អ៊ីតាលីលោក រ៉ូបឺតូ រីកាឌី (Roberto Riccardi)ដើម្បីទទួលយកវត្ថុបុរាណទាំងនេះ។
លោកបានថ្លែងក្នុងពិធីនោះថា បំណែកវត្ថុបុរាណទាំងនោះគឺជាផ្នែកមួយនៃអតីតកាលរបស់អ៊ីតាលីដែលជាស្នាដៃរបស់បុព្វបុរសរបស់ពួកគេ ហើយវាក៏ជារបស់មនុស្សជំនាន់ក្រោយផងដែរ។
យោងតាមលោក Bogdanos បានឱ្យដឹងថា ចាប់តាំងពីដើមទសវត្សរ៍ចុងក្រោយនេះ អង្គភាពវត្ថុបុរាណតំបន់ម៉ាន់ហាតាន់បានរឹបអូសបានវត្ថុបុរាណចំនួន ៤ពាន់៥រយដែលមានតម្លៃជាង ២៥០លានដុល្លារ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន