ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣

យុទ្ធនាការ Fit for Hope ផ្តល់ឱកាសឱ្យស្ត្រីកម្ពុជា យល់ដឹងកាន់តែច្រើនពីជំងឺមហារីកសុដន់

១៦ កញ្ញា ២០២២ | ព័ត៌មានជាតិ

 

យុទ្ធនាការ Fit for Hope គឺជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់នៅកម្ពុជា ក្រោមកិច្ចសហការពីក្រសួងកិច្ចការនារី និងក្រុមហ៊ុន AIA Cambodia។ យុទ្ធនាការនេះ នឹង ផ្សព្វផ្សាយពីសារៈសំខាន់នៃការថែទាំសុខភាពស្ត្រីកម្ពុជា ឱ្យរួចផុតពីជំងឺមហារីកសុដន់។ 


យុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ Fit for Hope ឆ្នាំ២០២២ ដែលធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រង AIA កម្ពុជា ក្រោមកិច្ចសហការ និងគាំទ្រពីក្រសួងកិច្ចការនារី នៅតែបន្តធ្វើឡើង ដោយឈរលើគោលបំណងធំមួយ គឺបង្កើនការយល់ដឹង និងផ្សព្វផ្សាយសារៈសំខាន់ចំពោះ វិធានការបង្ការ ព្រមទាំងជួយស្រ្តីកម្ពុជាឱ្យទទួលបានសុខភាពល្អ។ 

 

យុទ្ធនាការ Fit for Hope ឆ្នាំ២០២២ នេះត្រូវបានដាក់សម្ពោធក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងក្រសួងកិច្ចការនារី ព្រមទាំងការចូលរួមពីសំណាក់ក្រុមការងារមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម និងក្រុមការងាររបស់ AIA កម្ពុជា និងអ្នកជំងឺដែលជាសះស្បើយពីជំងឺមហារីកសុដន់ផ្ទាល់ផងដែរ។ 

 

 

យុទ្ធនាការនេះមានរយៈពេលមួយខែ ដែលនឹងផ្តោតលើការស្វែងរកថវិការដើម្បីគាំទ្រដល់មន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម សម្រាប់ការផ្តល់ការពិនិត្យជំងឹប្រកបដោយគុណភាពខ្ពស់ ការប្រឹក្សាយោបល់ និងការព្យាបាលជំងឺមហារីកសុដន់ ក៏ដូចជាការបង្កើតដំណោះស្រាយសេវាធានារ៉ាប់រង លើផ្នែកសុខភាពដែលមានតម្លៃសមរម្យនៅទូទាំងប្រទេស។ 

 

 

នៅក្នុងកម្មវិធីនេះដែរ លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានគាំទ្រចំពោះយុទ្ធនាការនេះដែរ ដែលបានជួយផ្តល់ការយល់ដឹងដល់ស្រ្តីឱ្យកាន់តែយល់ដឹងបន្ថែមទៀតចំពោះជំងឺមហារីកសុដន់។ លោកជំទាវមានប្រសាសន៍បន្ថែមថា ស្ត្រីកម្ពុជាយើងប្រឈមច្រើនជាមួយជំងឺមិនឆ្លង ដូចជាជំងឺមហារីកសុដន និងមហារីកមាត់ស្បូនជាដើម ដោយសារតែកង្វះការយល់ដឹងពីការថែទាំសុខភាព ការអៀនខ្មាស់ និងមិនបានដឹងពីទីតាំងក្នុងការព្យាបាលជាដើម។

 

 

ទន្ទឹមនឹងនេះ លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អេ អាយ អេ( ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក ក៏បានលើកពីបញ្ហាចម្បងមួយទៀតដែលអ្នកជំងឺភាគច្រើននៅកម្ពុជាកំពុងប្រឈម នោះគឺពួកគេត្រូវបានរកឃើញថាខ្លួនមានជំងឺយឺតពេល ខណៈជំងឺរបស់ពួកគេបានវិវត្តទៅជាជំងឹមហារីកបាត់ទៅហើយ ដែលកត្តានេះហើយគឺជាមូលហេតុក្នុងការបង្កើតយុទ្ធនាការនេះឡើង ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ ពីការថែទាំសុខភាពស្ត្រីនៅកម្ពុជាឱ្យបានកាន់តែទូលំទូលាយថែមទៀត។

 


តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុន AIA Cambodia នឹងបន្តគាំទ្រដល់មន្ទីរពេទ្យព្រះសីហនុ តាមរយៈការឧបត្ថម្ភដល់នាយកដ្ឋានមហារីកសុដន់។ កម្មវិធីនេះត្រូវបានក្លាយទៅជា កម្មវិធីដែលមានអាយុកាលយូរជាងគេបំផុតនៅកម្ពុជា ជាមួយការពិនិត្យជំងឺដោយឥតគិតថ្លៃ និងមធ្យោបាយផ្សេងៗទៀតសម្រាប់អ្នកជំងឺដែលមិនមានលទ្ធភាព។ 

 


យុទ្ធនាការនេះ នឹងផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃនៅក្នុងខេត្តចំនួនបួនរួមមាន ខេត្តកំពត ខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង ព្រមទាំងទីតាំងចំនួនបីផ្សេងទៀតនៅរាជធានីភ្នំពេញ ដូចជានៅ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម អគារ City Tower និង Factory Phnom Penh។ 

 


លើសពីនេះ នៅថ្ងៃទី ២២តុលាខាងមុខនេះ ដែលត្រូវជាថ្ងៃពិភពលោកប្រារព្ធទិវាការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការ Fit for Hope នឹងធ្វើសកម្មភាពដ៏ទាក់ទាងមួយ គឺ ដំណើរពណ៌ផ្កាឈូក ព្រមទាំងរៀបចំការប្រគំតន្ត្រីនៅទីក្រុងកោះពេជ្រ ដែលនឹងផ្តល់ឱកាសឱ្យសាធារណជនមានឱកាស ប្រឹក្សាផែនការជីវិត និងទទួលចំណេះដឹងពីជំងឺមហារីកសុដន់នេះផងដែរ៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023