ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥

សុគន្ធ នីសា នឹងយកកូនដំបូងក្នុងឆ្នាំ២០២២នេះ!

១៣ កញ្ញា ២០២២ | កម្សាន្ដ


គេនៅចាំថា គម្រោងយកកូនលើកទី១របស់តារាចម្រៀងសម្លេងស្រទន់ សុគន្ធ នីសា កាលពីឆ្នាំ២០២១ ត្រូវរលត់បាត់ទៅ ដោយសារនាងវិជ្ជមានជំងឺកូវីដ១៩។ ក្រោយជាសះស្បើយ នាងបានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយស្វាមី ជាញឹកញាប់ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនគិតថា តារាចម្រៀងរាងតូចច្រឡឹងនេះ ប្រហែលទៅរស់នៅឯនាយសមុទ្រនោះហើយ ព្រោះស្វាមីនាង មានផ្ទះសំបែង ហើយឪពុកម្តាយក្មេករបស់នាងក៏ទីនោះស្រាប់។

 

លើកឡើងពីចំនុចនេះ សុគន្ធ នីសា នៅតែច្រានចោលថា នាងគ្មានគម្រោងចេញទៅរស់នៅសហរដ្ឋអាមេរិកនោះទេ គ្រាន់តែចេញចូលញឹកញាប់បន្តិច ព្រោះស្វាមីនាងត្រូវទៅលេងឪពុកម្តាយ និងទៅមើលផ្ទះសំបែងនៅទីនោះ។ ការទៅញឹកញាប់ប៉ុណ្ណានោះ គឺអាស្រ័យលើពេលវេលាដែលនាងស្វាមីមាន ព្រោះបច្ចុប្បន្នអ្នកទាំងពីររវល់ការងារខ្លាំងណាស់ ពិសេសគឺនាងផ្ទាល់តែម្តង គឺរវល់ជាងស្វាមីទៅទៀត។ ម៉្យាង នាងមិនចង់ចោលកេរ្តិ៍សិល្បៈដែលខំសាងមករាប់ឆ្នាំនោះទេ ដើម្បីទៅរស់នៅទីនោះទេ។ 

 

 

បើទោះបីជាឆ្នាំនេះការងារមមាញឹកយ៉ាងណាក្តី ក៏នាងនិងស្វាមីបានគិតគូរគ្នារួចហើយថា អ្នកទាំងពីរនឹងយកកូនដំបូងក្នុងឆ្នាំ២០២២នេះ ប៉ុន្តែនាងមិនសង្ឃឹម ១០០% នោះទេ ថាអាចមានបានតាមធម្មជាតិ ព្រោះអាយុនាងបច្ចុប្បន្នក៏ច្រើនក្រែលដែលហើយ ទើបសម្រេចចិត្តថា បើមិនមានដោយធម្មជាតិ នឹងរកបច្ចេកវិទ្យាពេទ្យដើម្បីជំនួយ។

 

 

តារាចម្រៀង សុគន្ធ នីសា ដែលមានឈ្មោះពិតគឺ ប៉ុន សុគន្ធា បានបដិសេធរឿងដែលគេលើកឡើងថា នាងពន្យាពេលយកកូននៅខ្មែរ ដើម្បីទៅយកកូនទៅអាមេរិក ដើម្បីឱ្យកូនកើតមកមានសិទ្ធទទួលបានសញ្ជាតិអាមេរិកភ្លាមៗ ព្រោះការដែលនាងមិនទាន់មានកូនប្រលែងលេងដូចមិត្តរួមជំនាន់បែបនេះ ព្រោះតែនាងនិងស្វាមីនៅមិនទាន់ចង់បាន ទើបឆ្នាំនេះដែលសម្រេចថា នឹងយកកូនជាដំណក់ឈាមដំបូង។ កត្តាសំខាន់មួយទៀតនោះ គឺសុខភាពរបស់នាងខ្សោយ មិនសូវអំណោយផលនោះឡើយ។

 


តួយ៉ាង កត្តាសុខភាព មិនត្រឹមធ្វើឱ្យនាងពន្យាគម្រោងយកកូនប៉ុណ្ណោះទេ សូម្បីការសម្តែងភាពយន្តក៏នាងផ្អាកទទួលដែរ។ ដោយឡែក សម្រាប់ឆ្នាំនេះ នាងទទួលបានការងារសិល្បៈពេញដៃ ថែមទាំងត្រៀមតំណែងជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកទៀតផង ធ្វើឱ្យកាន់តែមមាញឹកទ្វេរឡើង។ ទោះបែបនេះក្តី ក៏នាងនិងស្វាមីនៅតែរក្សាចិត្តយកកូនដំបូងនៅឆ្នាំនេះមិនប្រួលប្រែឡើយ។

 

 

សូមជម្រាបថា តារាចម្រៀងលំដាប់ជួរមុខ អ្នកនាង សុគន្ធ នីសា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយចូលរោងការជាមួយអាណិកជនខ្មែរមកពីរដ្ឋ Boston សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។ គិតមកទល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរមានរយៈពេលជិត៥ឆ្នាំហើយ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025