ថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥
ក្រោយរងការរិះគន់យ៉ាងច្រើនពាក់ព័ន្ធការផ្តល់ពានរង្វាន់លើសលប់ដល់ខ្សែភាពយន្ត និងផលិតករជនជាតិស្បែកស វិទ្យាស្ថានសិល្បៈនិងវិទ្យាសាស្ត្រភាពយន្តដែលជាអ្នករៀបចំកម្មវិធីពានរង្វាន់ Academy ឬ Oscars បាននិយាយថាខ្លួននឹងបង្កើតក្រុមមួយដើម្បីរៀបចំគោលការណ៍ថ្មីដែលអ្នកផលិតខ្សែភាពយន្តត្រូវបំពេញដើម្បីឱ្យស្នាដៃរបស់ពួកគេមានសិទ្ធិទទួលបានពានរង្វាន់អូស្ការ។ ការរៀបចំផ្លាស់ប្ដូរគោលការណ៍នេះគឺដំណាក់កាលថ្មីនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល ៥ ឆ្នាំដើម្បីលើកកម្ពស់ភាពចម្រុះជាតិសាសន៍ក្នុងវិស័យភាពយន្ត។
អ្នករៀបចំកម្មវិធីអូស្កាបាននិយាយថាខ្លួននឹងធ្វើការជាមួយក្រុមផលិតករអាមេរិចដើម្បីអភិវឌ្ឍលក្ខខណ្ឌថ្មីៗឲ្យបានមុនថ្ងៃទី ៣១ ខែកក្កដា ដែលលក្ខខណ្ឌថ្មីៗនេះនឹងជំរុញឱ្យមានការភាពចម្រុះ និងស្មើគ្នានៃកម្លាំងពលកម្មក្នុងវិស័យកុន ទាំងក្រុមអ្នកសម្ដែង និងក្រុមអ្នកធ្វើការខាងក្រោយកាមេរ៉ា។ ច្បាប់ថ្មីៗនេះនឹងត្រូវអនុវត្តចំពោះខ្សែភាពយន្តដែលប្រកួតប្រជែងដណ្តើមពានរង្វាន់អូស្ការបន្ទាប់ពីឆ្នាំ ២០២១ ។
គួររំឭកថា ការរិះគន់មកលើក្រុមការងារអូស្កាបានផ្ទុះឡើងកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ ២០១៥ ដោយមាន hashtag #OscarsSoWhite ជាប្រតិកម្ម ប្រឆាំងការផ្ដល់ពានរង្វាន់តែតារាស្បែកស។ ក្រោយមកកម្មវិធីក៏ព្យាយាមអញ្ជើញភ្ញៀវកិត្តិយសជាស្ត្រី និងជនជាតិផ្សេងៗបន្ថែម។ ទោះយ៉ាងណាមកដល់ឆ្នាំ ២០១៩ ក្នុងចំណោមសមាជិកប្រហែល ៨០០០ នាក់នៃកម្មវិធីអូស្ការ មានតែ ៣២% ប៉ុណ្ណោះជាស្ត្រី និង ១៦% ប៉ុណ្ណោះជាជនជាតិផ្សេងក្រៅពីជនជាតិស្បែកស ៕
ប្រែសម្រួល៖ វ៉ាន់ថន