ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ប្រភេទដើមឈើកម្ររាប់ម៉ឺនដើម ត្រូវបានដាំនៅបរិវេណរោងចក្រទឹករ៉ែធម្មជាតិ អូ គូលែន និងតំបន់ខ្លះនៃឧទ្យានជាតិភ្នំគូលែន 

១៤ សីហា ២០២២ | ព័ត៌មានជាតិ

 

ក្នុងគោលបំណងរក្សាភាពបៃតង និងចង់ឱ្យក្មេងជំនាន់ក្រោយ បានស្គាល់នូវប្រភេទដើមឈើកម្រជាច្រើនប្រភេទ ក្រុមហ៊ុន Kulara Water របស់ទឹករ៉ែធម្មជាតិ អូ គូលែន បានសហការជាមួយអង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន បានដាំដើមឈើប្រភេទកម្ររាប់ម៉ឺនដើម នៅបរិវេណក្រុមហ៊ុនរបស់ខ្លួន និងតំបន់មួយចំនួននៅក្នុងឧទ្យានជាតិភ្នំគូលែន។ 

 


ចាប់តាំងពីឆ្នាំ ២០១៨មក ដើមឈើប្រភេទកម្ររាប់ម៉ឺនដើមត្រូវបានដាំនៅបរិវេណរោងចក្រផលិតទឹករ៉ែធម្មជាតិ អូ គូលែន និងតំបន់មួយចំនួននៃឧទ្យានជាតិភ្នំគូលែន។ ការដាំដើមឈើទាំងនេះ ក៏មានការសហការជាដៃគូជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) ដែលកម្មវិធីដាំដើមឈើនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងដល់យុវជនជំនាន់ក្រោយអំពីការការពារបរិស្ថាន និងធនធានធម្មជាតិ និងរួមចំណែកក្នុងការមានទំនួលខុសត្រូវសង្គមផងដែរ។ 

 

 

លោកស្រី នៅ សុខហៀង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទឹកពិសាររ៉ែធម្មជាតិ អូ គូលែន បានឱ្យដឹងថា តាំងពីឆ្នាំ ២០១៨មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន និងអង្គការជាដៃគូ បានដាំដើមឈើបានជាង ១០ម៉ឺនដើមហើយ ដែលក្នុងនោះ ជាង ៩ពាន់ដើមត្រូវបានដាំនៅក្នុងតំបន់អភិរក្សរបស់ ក្រុមហ៊ុន Kulara Water របស់ អូ គូលែន និងចំនួនជាង ៩ម៉ឺនដើម បានដាំនៅក្នុងឧទ្យានជាតិភ្នំគូលែន។ 

 

 

ដើមឈើដែលត្រូវបានដាំទាំងនោះមានដូចជា ដើមក្រញូង នាងនួន ឈើទាល ធ្នង់ ត្រសេក កកោះ ឈើខ្មៅ ចន្ទគ្រឹស្នា និងប្រភេទឈើកម្រជាច្រើនប្រភេទទៀត ដែលកំពុងតែបាត់បង់នាពេលបច្ចប្បន្ន។ ហើយការដាំដើមឈើទាំងនេះ ក៏មានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ហើយក៏បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ និងអ្នកភូមិចំនួន ២១០០នាក់ នៅតំបន់ភ្នំគូលែនផងដែរ។ 

 

 

ក្រៅពីការផ្តល់ភាពបៃតងដល់ធម្មជាតិ ក្រុមហ៊ុនក៏មានបំណងក្នុងការចែករំលែកបន្តនាពេលអនាគត ពីអ្វីដែលទទួលបានពីធម្មជាតិនៅក្នុងប្រទេស ហើយវាក៏ជាមោទនាភាពរបស់ក្រុមហ៊ុន ក្នុងការបង្កើតធម្មជាតិបៃតងនៅជុំវិញខ្លួន និងបានផ្តល់ឱ្យយុវជនជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើកម្រទាំងនោះថែមទៀត។

 

 

ទន្ទឹមនឹងនេះ ក្នុងខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន Kulara Water របស់ទឹករ៉ែធម្មជាតិ អូ គូលែន ក៏ទើបតែទទួលបានពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី ចំនួន ២ ដែលក្នុងនោះពានរង្វានទី ១ជា ពានរង្វាន់ «ភាពជាអ្នកដឹកនាំបៃតង» សម្រាប់ការដាំដើមឈើប្រភេទកម្រដែលជិតផុតពូជ និងពានរង្វាន់ទី ២ជាពានរង្វាន់ «ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ»៕
 

 

 

 

អត្ថបទ៖អ៊ីសា ហាសាណះ  រូបភាព៖ ឆិល សុភ័ស្ត  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024