ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃនេះ គឺជាថ្ងៃចូលវស្សារបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ គឺជាកិច្ចដ៏សំខាន់បំផុតមួយ ក្នុងវិន័យព្រះពុទ្ធសាសនា ហើយតទៅនេះ គឺជាខ្លឹមសារ ឬទស្សនវិជ្ជាដ៏សំខាន់ៗបំផុតខ្លះ នៃកិច្ចចូលវស្សារយៈពេល ៣ ខែ។ចូលព្រះវស្សា ពុំមែនជាពិធីបុណ្យទេ ប៉ុន្តែគឺជាកិច្ចដែលមានចែងក្នុងវិន័យប្បញ្ញត្តិ ហើយការចូលវស្សាគឺជាកិច្ចដ៏សំខាន់បំផុតមួយក្នុងព្រះពុទ្ធសាសនា ត្រូវបានអនុវត្តជារៀងរាល់ឆ្នាំយ៉ាងទៀងទាត់តាំងពីសម័យពុទ្ធកាលមកម៉្លេះ ចាប់ពីថ្ងៃ១ រោច ខែអាសាធ ដល់ថ្ងៃទី១៥ កើត ខែអស្សុជ ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១០ ខែតុលា ។
បើតាមវិន័យពុទ្ធប្បញ្ញត្តិ ពិធីចូលវស្សា គឺជាការរៀបចំឱ្យបព្វជិតឈប់សម្រាក ឬ គង់នៅក្នុងវត្តអារាម ឬ ទីណាមួយ ក្នុងរយៈពេល៣ខែដែលជារដូវភ្លៀងធ្លាក់ ហើយមូលហេតុដែលនាំឱ្យមានពុទ្ធប្បញ្ញត្តិ នៃការចូលវស្សានេះ គឺដោយសារតែ ៣ ខែនេះ គឺជារយៈពេលដែលមានភ្លៀងធ្លាក់ច្រើនបំផុត នៃ ឆ្នាំនីមួយៗ ។ ការណ៍ដែលមានភ្លៀងធ្លាក់ខ្លាំងនោះ បង្កជាក្តីលំបាកច្រើនសម្រាប់ព្រះសង្ឃក្នុងការធ្វើដំណើរ ឬនិមន្តត្រាច់ចរណ៍ពីទីមួយទៅកាន់ទីមួយផ្សេងទៀត ។ ហេតុនេះគួរតែសម្រាកនៅទីណាមួយដោយសមរម្យសិន ។
ម្យ៉ាងទៀតបើតាមរឿងរ៉ាវនៅក្នុងគម្ពីវិន័យបិដក មានដំណាលថា អំពីការណ៍ដែលព្រះសង្ឃនិមន្តនៅក្នុងរដូវភ្លៀងធ្លាក់ដែលជារដូវបង្កបង្កើនផលរបស់អ្នកស្រុក ក៏មានជាន់ដំណាំដាំដុះ និងភ្លឺស្រែរបស់អ្នកស្រុក ក៏ថែមទាំងអាចជាន់សត្វល្អិតល្អោចតូចតាចផង ដែលប្រការនេះកើតបានជាការរិះគន់ពីសាធារណជនចំពោះព្រះសង្ឃក្នុងពុទ្ធមណ្ឌល ហើយម្យ៉ាងទៀត ព្រះពុទ្ធទ្រង់ប្រមើលមើលឃើញថា កិច្ចចូលវស្សានេះ ក៏ជាអ្វីដែលធ្លាប់បានអនុវត្តនៅក្នុងព្រះពុទ្ធមុនៗផងដែរ ហេតុនេះទើបព្រះសម្មាសម្ពុទ្ធសមណៈ គោត្តម បញ្ញត្តិឱ្យអ្នកបួសចូលវស្សារយៈពេល ៣ ខែ រហូតមក ។
តាមវិន័យប្បញ្ញត្តិជាទូទៅក្នុងអំឡុងពេលចូលវស្សារយៈពេល ៣ ខែ នេះ ព្រះសង្ឃដែលគង់ចាំវស្សានៅវត្តអារាមណាមួយ អាចនិមន្តចេញក្រៅវត្តនោះបំពេញកាតព្វកិច្ចបានដូចធម្មតា គ្រាន់តែត្រូវនិមន្តត្រលប់ចូលវត្តនោះវិញ ឱ្យបានមុនព្រះអាទិត្យរះ នៃថ្ងៃបន្ទាប់ ពុំនោះទេ ព្រះសង្ឃអង្គនោះ នឹងមានឈ្មោះថា បានដាច់វស្សា ហើយការដាច់វស្សា នាំឱ្យអ្នកបួសអង្គនោះ ត្រូវអាបត្តិមួយចំនួន ហើយក៏នឹងមិនមានសិទ្ធិក្នុងការទទួលកឋិននៅក្នុងឆ្នាំនោះដែរ ។
ទោះយ៉ាងណា ក្នុងករណីមានកិច្ចការចាំបាច់ដូចជាទី១.មានការនិមន្តរបស់នរណាម្នាក់ ទី២.ឪពុកម្តាយឈឺ ទី៣.គ្រូឧបជ្ឈាយ៍ឈឺ ទី៤.ខ្លួនឯងមានជំងឺ និងទី៥.ផ្នែករដ្ឋត្រូវការ ។ លើសពីនេះទៅក្នុងករណីមានកិច្ចការចាំបាច់ទាំងឡាយ ដោយរួមទាំងនិមន្តទៅធ្វើកិច្ចការមនុស្សធម៌ ឬបេសកកម្មអ្វីមួយជាដើម ព្រះសង្ឃ ក៏អាចនិមន្តចេញក្រៅវត្តបាន ក្នុងរយៈពេល ៧ ថ្ងៃ ប៉ុន្តែមុននឹងនិមន្តចេញទៅ ព្រះសង្ឃអង្គនោះ តោងតែធ្វើកិច្ចការមួយជាមុនសិន ដែលហៅថាលើកសត្តាហៈ ពោលគឺជាការប្រគេនដំណឹងដល់សង្ឃនៅក្នុងអារាមនោះឱ្យបានជ្រាប ដោយបញ្ជាក់ថា ព្រះអង្គ នឹងត្រលប់ចូលក្នុងនោះអារាមវិញ មិនឱ្យលើសពីរយៈពេល ៧ ថ្ងៃ ប្រសិនបើពុំមានគ្រោះមហន្តរាយកើតឡើងចំពោះព្រះអង្គ ។
ចំណែកកិច្ចការផ្សេងៗទៀត ដូចជាការសិក្សា ការនិមន្តបិណ្ឌបាត និងការបំពេញការងារផ្សេងៗជាដើម គឺព្រះសង្ឃ នៅអាចនិមន្តចេញក្រៅវត្តបានជាធម្មតា ដោយពុំមានទាស់ខុសនឹងពុទ្ធប្បញ្ញត្តិឡើយ គ្រាន់តែត្រូវនិមន្តចូលវត្តវិញ កុំឱ្យហួសពីថ្ងៃនោះ និងយប់នោះ ដែលហៅថាកុំឱ្យកន្លងរាត្រី ។ក្នុងន័យនេះ សាធារណជនមិនគប្បីយល់ច្រឡំ ដូចអ្វីដែលមនុស្សមួយចំនួនធ្លាប់បានលើកឡើងថា នៅពេលចូលព្រះវស្សា ព្រះសង្ឃ ត្រូវគង់នៅតែក្នុងវត្ត មិនអាចនិមន្តចេញទៅណាក្រៅវត្តបាននោះទេ ។
បញ្ញវន្តទាំងឡាយសុទ្ធតែបកស្រាយថា ការចូលវស្សា ក្រៅតែពីឱកាសដ៏ប្រសើរសម្រាប់ព្រះសង្ឃប្រតិបត្តិធម៌វិន័យ និងផ្តល់ឱកាសឱ្យទាយកទាយិកាបានសាងបុណ្យកុសល ដូចជាតាមរយៈការយកទេយ្យទានទៅប្រគេនជាដើមទៅ ចូលវស្សា ក៏ជាពេលវេលាដ៏ប្រសើរសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រយកចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ដើម្បីបានជាប្រយោជន៍ដល់មនុស្សជាតិ និងក៏ជាពេលសម្រាប់ត្រិះរិះពិចារណាឆ្លុះបញ្ចាំង ឱ្យឃើញថា តើរាល់សកម្មភាពដែលលោកបានអនុវត្តកន្លងមកនោះ ជារឿងត្រឹមត្រូវឬយ៉ាងណាផងដែរ ដើម្បី បានកែតម្រូវ និងរៀបចំផែនការសាជាថ្មី ដើម្បីអនុវត្តឱ្យបានកាន់តែល្អប្រសើរឡើង ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ