ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
បទចម្រៀងថ្មីរបស់ នីគីនីគី ចំណងជើង «មនុស្សជំនិត» ត្រូវបានទម្លាក់លើទីផ្សារហើយ។ ត្រឹមរយៈពេលខ្លី បទនេះត្រូវគ្រប់គ្នាសរសើរមិនដាច់ពីមាត់ថា ជារសជាតិថ្មីពិរោះប្លែក ទាំងគុណភាពបច្ចេកទេសប្លង់ថត និងសាច់រឿង។
តារាចម្រៀងឯករាជ្យ នីគីនីគី បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា «មនុស្សជំនិត» ឬ Someone So Close To Me លើទីផ្សារហើយ កាលពីពេលថ្មីៗ ព្រមជាមួយវីដេអូសម្រាយពីអត្ថន័យនៃ MV បទចម្រៀងយ៉ាងក្បោះក្បាយ។
បទចម្រៀងថ្មីរបស់នាង ត្រូវគ្រប់គ្នាសរសើរមិនដាច់ពីមាត់ថា ជារសជាតិថ្មីហើយពិរោះប្លែក ទាំងគុណភាពបច្ចេកទេសប្លង់ថត និងសាច់រឿង។ ជាពិសេសការតុបតែងរៀបចំឈុតឆាក ការសម្រិតសម្រាំងម៉ូដសម្លៀកបំពាក់ និងគ្រឿងតុបតែងកាយ។
សូម្បីតែផ្កា ពណ៌សម្លៀកបំពាក់ និងវត្ថុផ្សេងៗក៏ត្រូវជ្រើសមកដោយល្អិតល្អន់ប្រកបដោយគំនិតច្នៃប្រឌិតតាមបែបអរូបី (Abstract) ដើម្បីឱ្យសាច់ MV មើលទៅកាន់តែទាក់ទាញចិត្តអ្នកទស្សនា។ បន្ថែមពីនោះ ដើម្បីបង្ហាញឱ្យគ្រប់គ្នាឃើញពីភាពស្រស់បំព្រងនៃខេត្តភូមិភាគឦសានប្រទេសកម្ពុជា នីគីនីគី ក៏បានជ្រើសរើសប្លង់ថតមួយចំនួនលើទឹកដីខេត្តមណ្ឌលគីរីផងដែរ។
តាមការសម្រាយឱ្យដឹងរបស់ម្ចាស់បទ «មនុស្សជំនិត» ចម្រៀងនេះត្រូវផលិតឡើងដោយទទួលការបំផុសគំនិតពីអ្នកផ្សេងដែលមានសាច់រឿងបែបនេះ គឺភាគីខាងស្រី បានបាត់បង់ដៃគូរព្រោះតែមនុស្សជំនិតដែលនៅក្បែរខ្លួនបំផុត។ MV នេះ ដឹកនាំដោយតារាចម្រៀងភេទទី៣ ស៊ីណូរ៉ា រ័ត្ន ក្រោមការជួយជ្រោមជ្រែងពីសមាជិកក្រុមថតប្រមាណជាង២០នាក់។
កាលពេលកន្លងមក នីគីនីគី ធ្លាប់បង្ហើបប្រាប់ឱ្យអ្នកសារព៏ត៌មានសិល្បៈ PNN ដឹងថា ក្នុងបទ «មនុស្សជំនិត» ដែលជាចម្រៀង Sad song ឬហៅថា Broken heart song និងមានលាក់បង្កប់អត្ថន័យ និងមេរៀនជាច្រើនដល់អ្នកស្តាប់ ដើម្បីឱ្យគ្រប់គ្នាទទួលបានទាំងការកម្សាន្ត និងការចំណេះដឹង មិនខុសពីបទមុនៗរបស់នាងនោះទេ។
គេនៅចាំបានថា តារាចម្រៀងឯករាជ្យចូលចិត្តស្ទីល៍បែបអ៊ឺរ៉ុបៗ នីគីនីគី ខកខានមិនបានបញ្ចេញស្នាដៃចម្រៀងជាយូរមកហើយ ដោយបទចម្រៀងចុងក្រោយរបស់នាង ចំណងជើងថា «សង្សាថ្មី» (New Baby) ត្រូវបញ្ចេញលើទីផ្សារតាំងពីដើមឆ្នាំ២០២១មកម្ល៉េះ រហូតដល់នេះទើបនាងទម្លាក់បទ «មនុស្សជំនិត» ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្ររបស់នាង។
ដ្បិតខកខានបញ្ចេញស្នាដៃអស់មួយរយៈ តែ នីគីនីគី បានវិវត្តន៍មកជា Content Creator ល្បីឈ្មោះម្នាក់នាពេលបច្ចុប្បន្ន តាមការបង្កើតវីដេអូថ្មីៗប្លែកៗ វីដេអូប្រ៉ូម៉ូតផលិតផល វីដេអូអប់រំ ជាដើម៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN, Facebook, YouTube