ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សកម្មជនបរិស្ថានតុបតែងខ្លួនជានាងមច្ឆាជាប់មង ដើម្បីបញ្ជ្រាបគំនិតជួយការពារធនធានសមុទ្រ

០៧ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

សកម្មជនដែលធ្វើការលើផ្នែកអាកាសធាតុបានតុបតែងឈុតប្លែកៗជានាងមច្ឆាជាប់មង និងរុំព័ទ្ធដោយកាកសំណល់ផ្លាស្ទិចដើម្បីបញ្ជ្រាបការយល់ដឹង និងការពារធនធានសមុទ្រ។ ពួកគេតុបតែងសម្ដែងជាឈុតនេះនៅលើឆ្នេរខ្សាច់នៃទីក្រុងលីសស្ប៊ន(Lisbon)ប្រទេសព័រទុយហ្កាល់ មុនពេលអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំកំពូលស្ដីពីបញ្ហាសមុទ្រ។

 

 

 

 

 

ពួកសកម្មជនទាំងនេះបានកាន់បដាដែលសរសេរថា «នៅពេលសមុទ្រមរណៈ, ពួកយើងក៏មរណៈដែរ»។ បដា១ទៀតសរសេរថា «ត្រីលែងមាននៅក្នុងសមុទ្រតទៅទៀតហើយ»។

 

អ្នកហែបាតុកម្មម្នាក់ប្រាប់ថាមនុស្សយើងតែងតែនិយាយមិនដាច់ពីមាត់ពីអនាគតនៃចៅៗរបស់ពួកគេ។ ពួកគេនិយាយពីអ្នកជំនាន់ថ្មី។ ប៉ុន្តែពួកគេមិនបានធ្វើអ្វីសោះ។ បើពួកគេនៅតែធ្វើបែបនេះតទៅទៀត, អ្វីៗនឹងនៅតែដដែលគ្មានការផ្លាស់ប្ដូរ។ អ្វីៗគ្រប់យ៉ាងនឹងធ្លាក់ទៅក្នុងស្ថានភាពអាក្រក់។ ភពផែនដីនឹងឡើងកម្ដៅ៣អង្សា ឬច្រើនជាងនេះ រហូតដល់មនុស្សសត្វលែងរស់នៅបាន។

 

មនុស្សប្រមាណ៧ពាន់នាក់ ដែលជាសកម្មជនខាងបរិស្ថាន និងថ្នាក់ដឹកនាំប្រទេសនានា នឹងចូលរួមកិច្ចប្រជុំជាអន្តរជាតិមួយដែលរៀបចំដោយអង្គការសហប្រជាជាតិ។

 

 

 

 

 

 

កិច្ចប្រជុំនេះត្រូវបានផ្អាកតាំងពីឆ្នាំ២០២០រហូតដល់សព្វថ្ងៃដោយសារការរំខាននៃជំងឺខូវីដ១៩។ នៅលើភពផែនដីនេះ, ទឹកសមុទ្រគ្របដណ្ដប់៧០% ដោយបង្កើតខ្យល់អុកស៊ីហ្សែនជាងពាក់កណ្ដាលពិភពលោក និងស្រូបយកឧស្ម័នកាបូនិច២៥%។

 

ប៉ុន្តែនៅពេលអាកាសធាតុប្រែប្រួល សីតុណ្ហភាពក៏ចាប់ផ្ដើមក្ដៅជាងមុន និងធ្វើឲ្យទឹកសមុទ្រកាន់តែឡើងខ្ពស់ជាងមុន។ ក្នុងមួយឆ្នាំៗ, សារធាតុផ្លាស្ទិច១១លានតោនធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ គេគិតថាចំនួននេះនឹងកើនឡើង៣ដងត្រឹមឆ្នាំ២០៤០ បើគ្មានវិធានការទប់ស្កាត់ ដូចជាការកែច្នៃកាកសំណល់ឡើងវិញ ឬកាត់បន្ថយការបោះសំរាមចូលទឹកសមុទ្រ៕

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024