ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ទោះយឺតយ៉ាវចេញទៅប្រកួតតែ ញ្ញា អ៊ិន លក្ខិណា ជឿជាក់ខ្លាំងលើខ្លួនឯងនៅលើឆាក Miss Supranational 2022

០៤ កក្កដា ២០២២ | កម្សាន្ដ

 

កញ្ញា អ៊ិន លក្ខិណា បានឡើងយន្តហោះចេញទៅប្រកួត Miss Supranational 2022 ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ ហើយ បើទោះបីជាមានការយឺតយ៉ាវក្នុងការចាក់ចេញក្តីតែមានពោរពេញដោយការជឿជាក់លើសមត្ថភាពរបស់ខ្លួន ។ 

 

កញ្ញា អ៊ិន លក្ខិណា បានឡើងយន្តហោះទៅប្រទេស ថៃ ហើយកាលពីថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញ ដើម្បីសុំវីសានៅប្រទេសនេះ នឹងបន្តចេញទៅប្រកួតក្នុងកម្មវិធី Miss Supranational 2022 ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ ខណៈពេលដែលបេក្ខនារីមកពីជុំវិញពិភពលោកបានជួបជុំគ្នាតាំងពីបំណាច់ ខែ មិថុនា មកម្លេះ ។ 

 


បើតាមគម្រោងកញ្ញ ត្រូវទៅប្រកួតក្នុងកម្មវិធី Miss Supranational 2022 នៅបំណាច់ ខែ មិថុនា តែដោយសារមានបញ្ហាមួយចំនួន ធ្វើឱ្យនាងយឺតយ៉ាវក្នុងការចេញទៅប្រកួត រហូតមានព័ត៌មានថា អ៊ិន លក្ខិណា មិនអាចចេញទៅប្រកួតក្នុងកម្មវិធីនោះ ។

 


ទោះជាយ៉ាងនេះក្តីនៅមុនពេលឡើងយន្តហោះចេញទៅប្រកួតតារាម៉ូដែលរូបនេះ បានបញ្ជាក់ថា ដោយសារមានការភណ្ឌច្រឡំបន្តិចបន្តួច ទើបធ្វើឱ្យការចេញទៅប្រកួតនេះមានការយឺតយ៉ាវ។ ជាក់ស្តែងនាងត្រូវហោះទៅសុំ វីសានៅប្រទេស ថៃ នៅថ្ងៃទី ០៣ ខែ កក្កដា រួចបន្តការហោះហើរទៅប្រទេស ប៉ូឡូញតែម្តង ដោយសារនៅខ្មែរ មិនមានស្ថានទូតប្រទេស ប៉ូឡូញ ឡើយ ។ 

 


ពេលនេះបេក្ខនារីដែលចូលរួមប្រកួត Miss Supranational 2022 បានជួបជុំគ្នាអស់ហើយហើយក៏បានចូលរួមកម្មវិធីផ្សេងៗជាច្រើន ដោយឡែកតែ កញ្ញា អ៊ិន លក្ខិណា ទើបតែហោះទៅចូលរួម ទោះជាមានការយឺតយ៉ាវក្នុងការចូលរួម តែកញ្ញា អ៊ិន លក្ខិណា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា នាងសប្បាយចិត្តដែលបានចូលរួមប្រកួតកម្មវិធី Miss Supranational 2022 នាងនឹងខិតខំប្រឹងប្រែងបញ្ចេញអស់ពី សមត្ថភាពដែលខ្លួនមាន មិនថាលទ្ធផលយ៉ាងណានាងនឹងតស៊ូដល់វគ្គបញ្ចប់ ។

 


ការប្រកួត Miss Supranational 2022 ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខ ។ សម្រាប់អ្នកគាំទ្រនៅក្នុងប្រទេស បានផ្ញើសារលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងច្រើន ដល់កញ្ញា អ៊ិន លក្ខិណា ក្នុងការចេញទៅប្រកួតលើកនេះ ស៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024