ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថាប្រភេទកាកសំណល់ផ្លាស្ទិចដែលមនុស្សគិតថាវាគ្មានប្រយោជន៍អ្វីសោះនោះ វាបែរជាចំណីអាហារដ៏ឈ្ងុយឆ្ងាញ់របស់សត្វដង្កូវមួយប្រភេទ។ នេះជាសញ្ញាល្អមួយសម្រាប់ការដោះស្រាយបញ្ហាផ្ទាស្ទិច។
អ្នកមីក្រុបវិទ្យា លោកគ្រីស្ទានរីនខឺ(Chirstian Rinke) សហការជាមួយក្រុមការងាររបស់លោកនៅសាកលវិទ្យាល័យគ្វីនស្លែន(Queensland) ប្រទេសអូស្ត្រាលី កំពុងពិសោធសត្វដង្កូវ៣ក្រុម ដែលគេស្គាល់ថាជាសត្វដង្កូវមានថាមពលពិសេសមិនធម្មតា។ គេបានឲ្យចំណីពួកវាស៊ីទៅតាមបែបបទខុសៗគ្នារយៈពេល៣អាទិត្យ។
ក្នុងនោះ គេឲ្យសត្វដង្កូវ១ក្រុមស៊ីស្រូវសាលី។ពួកវារីកធំធាត់យ៉ាងឆាប់រហ័ស។ សត្វដង្កូវ១ក្រុមទៀតមិនត្រូវគេផ្ដល់ចំណីឲ្យស៊ីទេនៅអំឡុងពេលនោះ ជាហេតុធ្វើឲ្យពួកវាស្រកទម្ងន់អស់សន្ធឹក ហើយសឹងតែមិនអាចធ្វើចលនាបាន។
ក្រុមដង្កូវទីបីត្រូវគេឲ្យស៊ីប្រអប់ស្នោដែលប្រើប្រាសសម្រាប់វេចខ្ចប់ចំណីអាហារ។ ពួកវាមិនត្រឹមតែអាចចិញ្ចឹមជីវិតនឹងសារធាតុនេះទេ ថែមទាំងមានសាច់មានឈាមធាត់ឡើងទ្រលុកៗ។
មុនដំបូង ដង្កូវទាំងនេះបំបែកសម្បកស្នោជាបំណែកតូចៗ។ បន្ទាប់មក ពួកវាបញ្ចេញអង់ហ្ស៊ីម(enzymes)ដើម្បីរំលាយសារធាតុទាំងនេះ។ ខាងលើនេះជាការអះអាងរបស់លោករីនខឺ។
លោក និងសហការីរបស់លោកបានប្រើប្រាស់បច្ចេកទេស១ប្រភេទឈ្មោះមេតាហ្សេណូមីក(metagenomics) ឬការសិក្សាពីរូបធាតុហ្សេនេទិចដែលយកចេញពីសំណាកតំណាង ដើម្បីចង់ដឹងថាតើអង់ហ្ស៊ីមប្រភេទណាដែលអាចរំលាយសម្បកស្នោ។
គោលដៅរយៈពេលយូររបស់ក្រុមអ្នកស្រាវជ្រាវនេះគឺសំយោគអង់ហ្ស៊ីមរបស់ដង្កូវដើម្បីរំលាយកាកសំណល់ផ្លាស្ទិចដែលត្រូវគេពូសបំបែកជាចម្រៀកតូចៗ ដោយប្រើប្រាស់អង់ហ្ស៊ីមសិប្បនិម្មិតដែលផលិតតាមពុម្ពគំរូនៃអង់ហ្ស៊ីមធម្មជាតិរបស់សត្វដង្កូវ។
មូលហេតុដែលគេធ្វើដូចនេះ ដោយសារថាបើគេបង្កើតកសិដ្ឋានចិញ្ចឹមដង្កូវដើម្បីរំលាយកាកសំណល់ផ្លាស្ទិច វានាំតែអន្ទង់វែងឆ្នាំងវែង។ តាមពិត សត្វដង្កូវនេះមុនដំបូងគេចិញ្ចឹមសម្រាប់ជាចំណីរបស់សត្វ។ ដល់ពេលស្រាវជ្រាវចុះឡើងៗទៅ ទើបដឹងថាវាមានសមត្ថភាពមិនធម្មតា។ យោងតាមការស្រាវជ្រាវរបស់លោករីនខឺ, នៅពេលវាស៊ីសម្បកស្នោយូរៗទៅ វានឹងក្លាយជាកូនដឹកដឿ។ បន្ទាប់មក វានឹងវិវត្តខ្លួន១ដំណាក់កាលទៀតក្លាយទៅជាសត្វកញ្ចែ៕
ប្រែសម្រួល៖ អន សំអាង