ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
ប្រជាជនប៉ាលេស្ទីននៅទីក្រុងKhan Younis ច្រៀងរាំអបអរសាទរនៅតាមពេញដងផ្លូវនៅពេលព្រឹករំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍(៩តុលា) បន្ទាប់ពីប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមតំបន់ហ្គាហ្សា។
កិច្ចព្រមព្រៀងរួមមាន អ៊ីស្រាអ៊ែលដកទ័ពចេញពីតំបន់ហ្គាហ្សា និងព្រមដោះដូររវាងអ្នកទោស និងចំណាប់ខ្មាំង។ ប៉ុន្តែក្រុមហាម៉ាស់ បានអំពាវនាវឱ្យលោកប្រធានាធិបតីអាមេរិកTrump និងក្រុមប្រទេសអ្នកធានាកិច្ចព្រមព្រៀង ត្រូវតែឱ្យប្រាកដថា អ៊ីស្រាអ៊ែលអនុវត្តន៍បានទាំងស្រុងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់។
លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃពុធ(៨តុលា) បាននិយាយថា ប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ មានការឯកភាពយល់ព្រមចំពោះកិច្ចព្រមព្រៀងតំបន់ហ្គាហ្សា ដែលបានស្វែងរកមកជាយូរមកហើយដើម្បីឱ្យបទឈប់់បាញ់និងដោះលែងចំណាប់ខ្មាំង ក្រោមផែនការរបស់ប្រធានាធិបតីអាមេរិករូបនេះដើម្បីបញ្ចប់សង្គ្រាមរយៈពេល២ឆ្នាំនៅតំបន់ហ្គាហ្សា។
ត្រឹមតែ១ថ្ងៃក្រោយពីខួប២ឆ្នាំដែលក្រុមហាម៉ាស់ឆ្លងព្រំដែនចូលវាយប្រទេសអ៊ីស្រាអ៊ែល នាំឱ្យផ្ទុះសង្គ្រាមតំបន់ហ្គាហ្សា គេបានឃើញថា កិច្ចពិភាក្សាមិនផ្ទាល់នៅប្រទេសអេហ្ស៊ីប បានចេញផ្លែផ្កាជាកិច្ចព្រមព្រៀងដំណាក់កាលដំបូងនៃផែនការ២០ចំណុចរបស់ប្រធានាធិបតីTrump ដើម្បីសន្តិភាពតំបន់ហ្គាហ្សា។
កិច្ចព្រមព្រៀង ប្រសិនបើទទួលបានការអនុវត្តន៍ មិនប្រែប្រួល នឹងជួយដល់រដ្ឋទាំង២ ឈានទៅរកការបញ្ឈប់សង្គ្រាមបានច្រើនជាងកិច្ចខិតខំប្រឹងប្រែងកន្លងមក ។ សង្គ្រាមនៅតំបន់ហ្គាហ្សា បានរាលដាលទៅប្រទេសជាច្រើនដូចជាអ៊ឺរ៉ង់ យ៉េមេន និងលីបង់ ជាការប្រែប្រួលនៅតំបន់មជ្ឈឹមបូព៌ា។
ប្រែសម្រួល៖ណាវ័ន្ត