ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

សត្វគន្ធាយជាង ៥០០ ក្បាលបានលែងនៅក្នុងទន្លេនៅប្រទេសកម្ពុជាអបអរទិវាគន្ធាយពិភពលោក

២២ មិថុនា ២០២២ | ព័ត៌មានជាតិ

ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានធ្វើពិធីតាមបែបព្រះពុទ្ធសាសនាដើម្បីប្រសិទ្ធិពរជ័យដល់សត្វ   គន្ធាយទឹកសាបចំនួន ៥៨០ ក្បាលមុនពេលគេបានលែងសត្វគន្ធាយនៅក្នុងទន្លេមេគង្គដើម្បីអបអរទិវាសត្វគន្ធាយពិភពលោកកាលពីដើមសប្ដាហ៍នេះ។

 

 

 

 

ដើម្បីប្រារព្ធទិវាសត្វគន្ធាយពិភពលោក សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) សហការជាមួយរដ្ឋបាលជលផល (FiA) បានប្រារព្ធពីការអភិរក្សសត្វគន្ធាយយក្សអាស៊ី Cantor ដែលជិតផុតពូជបំផុតតាមរយៈការលែងកូនគន្ធាយចំនួន ៥៨០ ក្បាលទៅក្នុងព្រៃតាមដងទន្លេមេគង្គនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

 


កូនសត្វគន្ធាយទាំងនេះត្រូវបានគេភ្ញាស់នៅក្នុងអាងមួយនៅក្នុងតំបន់នោះ ហើយគេបានប្រមូលយកកូនគន្ធាយទាំងនេះចេញពីអាងនោះដើម្បីលែងពួកវានៅក្នុងទន្លេមេគង្គដោយគេបានធ្វើពិធីសូត្រមន្តតាមព្រះពុទ្ធសាសនាក្នុងជំនឿថា នឹងនាំសំណាងល្អដល់កូនសត្វទាំងអស់នេះ។

 

 

 

 


យោងតាមសមាគមអភិរក្សសត្វព្រៃ (WCS) ដែលបានរៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា បច្ចុប្បន្នសត្វគន្ធាយប្រភេទនេះមានបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងប្រទេសឡាវ ហើយដោយសារតែការបរបាញ់ខុសច្បាប់ទើបសត្វគន្ធាយយក្សអាស៊ីនេះបានបាត់ខ្លួនទៅវិញនៅទូទាំងអតីតតំបន់ព្រៃរបស់វាភាគច្រើននៅប្រទេសវៀតណាម និងប្រទេសថៃ។

 


អង្គការ WCS បានបន្ថែមថា សត្វគន្ធាយប្រភេទនេះមិនបានជួបប្រទះនៅក្នុងព្រៃនៅប្រទេសកម្ពុជានៅចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់អង្គការនេះ ទើបពួកគេបានលែងកូនគន្ធាយចំនួន ១.៣០០ ក្បាលចូលទៅក្នុងព្រៃក្នុងឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះបានលែងជាង ១.៥០០ ក្បាលនៅឆ្នាំ២០២២៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025