ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បន្តកើនឡើង ខណៈអ្នកជំនាញថា នៅមានកម្រិត

២០ មិថុនា ២០២២ | សេដ្ឋកិច្ច


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសឱ្យដឹងថា នៅក្នុងរយៈពេល ២ឆ្នាំពេញ ក្រុមហ៊ុនចំនួន ១ម៉ឺន ៤ពាន់ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការអនុម័ត ដែលមានទំហំទឹកប្រាក់ជាង ៤ពាន់ ៦រយលានដុល្លារអាមេរិក ខណៈអ្នកជំនាញសេដ្ឋកិច្ច អះអាងថា ចំនួននេះ ហាក់នៅទាបនៅឡើយ ធៀបនឹងចំនួនអាជីវកម្ម ដែលកំពុងរកស៊ីនៅកម្ពុជា។


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ មកដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២នេះ គឺមានរយៈពេល ២ឆ្នាំពេញហើយ។


នៅក្នុងរយៈពេល ២ឆ្នាំនេះ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្ម មានជាង ៦ពាន់ ៩រយសំណើ ដោយក្នុងនោះ ពាក្យស្នើសុំដែលបានអនុម័ត មានជាង ១ម៉ឺន ៤ពាន់សំណើ ហើយគ្មានពាក្យស្នើសុំណា ដែលត្រូវបានបដិសេធនោះឡើយ។

 


ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងប្រាប់ភីអិនអិនថា ចំនួននេះ ហាក់នៅទាបនៅឡើយ ធៀបនឹងចំនួនអាជីវកម្ម ដែលកំពុងរកស៊ីនៅកម្ពុជា ហើយគួរមានការពន្យល់បន្ថែម និងលើកទឹកចិត្តឲ្យ អាជីវកម្មចុះបញ្ជីបន្ថែម។

 


ចំពោះ អាជីវកម្មដែលបានចុះបញ្ជីតាមវិស័យ គឺមានវិស័យ ៥ លេចធ្លោជាងគេ រួមមាន អាហរ័ណ នីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ មាន ៣៩%, សកម្មភាពអចលនវត្ថុ មាន ៨%, កម្មន្តសាល ៨%, សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ ១០%, ព័ត៌មានវិទ្យា និងទូរគមនាគមន៍ ៦% និងវិស័យផ្សេងទៀតប្រមាណ ២៧%។ដោយឡែក ចំពោះទំហំវិនិយោគដែលធំជាងគេ គឺនៅក្នុងវិស័យសាងសង់ មានដល់ទៅ ២១% នៃទំហំវិនិយោគសរុប។

 


ជាមួយគ្នានេះ នៅក្នុងដំណាក់កាលទី ២ ចំនួនពាក្យស្នើសុំអនុម័តសរុប មានចំនួន ១៩៣ ដែលបានធ្វើតាមរយៈស្ថាប័នចំនួន ៤ រួមមាន ក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តែនៅក្នុងនេះ មានពាក្យស្នើសុំបដិសេធចំនួន ១ សម្រាប់ក្រសួងប្រៃសណីយ៍។សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ការងារដំណាក់កាលទី ៣ នឹងលេចជារូបរាងឡើងនាពេលឆាប់ៗខាងមុខ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024