ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ជាការពិតណាស់ដែលបច្ចុប្បន្នបញ្ហាជំងឺផ្លូវចិត្តជាបញ្ហាសំខាន់មួយដែលគ្រប់គ្នាគួរយល់ដឹង ដូច្នេះទើបសិល្បការនីមានប្រភពមកពីខេត្តបាត់ដំបង ចាប់អារម្មណ៍ហើយបានបង្កើតគម្រោងសិល្បៈ និងសុខភាពផ្លូវចិត្តឡើង ក្រោមប្រធានបទ «តើសិល្បៈអាចជួយបញ្ហាសុខភាពផ្លូវចិត្តបានដោយរបៀបណា?»
សិល្បការនីមានប្រភពមកពីខេត្តបាត់ដំបង កញ្ញា រី មុនីសុវណ្ណយ៉ា ឬគ្រប់គ្នាស្គាល់ថា ហ្វីយ៉ា កាលពីចុងសប្តាហ៍ បានប្រារព្ធរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្រោមប្រធានបទ «តើសិល្បៈអាចជួយបញ្ហាសុខភាពផ្លូវចិត្តបានដោយរបៀបណា?»។
ប្រធានបទដ៏ទាក់ទាញនេះ ត្រូវសិល្បការនីវ័យក្មេងបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ពីបញ្ហាសុខភាពផ្លូវចិត្ត ក៏ដូចជាផ្សព្វផ្សាយអំពីសិល្បៈ ថាតើសិល្បៈមានប្រយោជន៍ ឬក៏មានឥទ្ធិពលអ្វីខ្លះដើម្បីជួយទៅដល់ផ្លូវចិត្តរបស់យើង?
ក្នុងថ្ងៃប្រារព្ធកម្មវិធី ហ្វីយ៉ា ដែលជាអ្នកផ្តួចផ្តើមឱ្យកើតមានព្រឹត្តិការណ៍នេះ បានប្រាប់ឱ្យ PNN ដឹងថា កញ្ញាជាសិល្បការនីម្នាក់ដែលធ្លាប់ប៉ះទង្គិចបញ្ហាផ្លូវចិត្តអំឡុងពេលសិក្សារៀនសូត្រ ប៉ុន្តែកញ្ញាបានប្រើប្រាស់សិល្បៈទៅព្យាបាលបញ្ហាទាំងនោះម្តងបន្តិចៗរហូតទទួលជោគជ័យដោយមិនដឹងខ្លួន ដូច្នេះទើបកញ្ញាចាប់អារម្មណ៍និងយល់ឃើញថា សិល្បៈពិតជាអាចជួយផ្សះផ្សារជំងឺបញ្ហាផ្លូវចិត្តពិតមែន។
ក្នុងកម្មវិធីនេះដែរ ក៏មានវត្តមានអ្នកស្រី យឹម សុធារី ចិត្តវិទូ និងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព ចូលរួមផងដែរ ដោយអ្នកស្រីបានចូលរួមចែករំលែករឿងរ៉ាវជាច្រើនពាក់ព័ន្ធបញ្ហាផ្លូវចិត្ត។ អ្នកស្រីមានប្រសាសន៍ថា ការពិតទៅបញ្ហាផ្លូវចិត្តកើតឡើងដោយកត្តាជាច្រើន បុគ្គលខ្លះកើតតាំងពីក្មេងព្រោះតែការប៉ះទង្គិចដោយសារព្រឹត្តិការណ៍មិនល្អណាមួយ ខ្លះកើតឡើងដោយសារសង្រ្គាមសល់ពីជំនាន់មុន និងកត្តាផ្សេងៗទៀតជាច្រើន។
បញ្ហាផ្លូវចិត្តធ្វើឱ្យមនុស្សយើងបាត់ទំនាក់ទំនង, បាត់បង់ភាពជាខ្លួនឯង, មនុស្សជុំវិញខ្លួន, គ្រួសារ និងពិភពលោកទាំងមូល។ ហើយការព្យាបាលផ្លូវចិត្ត គឺជាការផ្សារភ្ជាប់ខ្លួនឯងឡើងវិញ ចំណែកសិល្បៈមានតួនាទីសំខាន់ណាស់ក្នុងការជួយព្យាបាលបញ្ហានេះ ព្រោះសិល្បៈបានចូលរួមជួយបង្ហាញពីភាពភ័យខ្លាចតាមរយៈអារម្មណ៍ ដែលគ្រប់គ្នាពិបាកនិយាយវាចេញមក។
តួយ៉ាងអ្នកស្រីបានលើកឧទាហរណ៍ពីរូបគំនូរជាច្រើនសន្លឹករបស់កុមារនៅមណ្ឌលកុមារកំព្រាមួយកន្លែង ដែលពួកគេប៉ះទង្គិចផ្លូវអារម្មណ៍តាំងពីក្មេងវ័យ។ កុមារគ្រប់ៗរូបត្រូវបានលើកទឹកចិត្តឱ្យហ៊ានបញ្ចេញអារម្មណ៍ខ្លួនឯងតាមរយៈការគូសរូប ហើយវាពិតជាទទួលបានផលជាទីគាប់ចិត្ត។ អ្នកស្រី ក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកគ្រប់គ្នាក្លាហាន ហ៊ានបញ្ចេញអារម្មណ៍ខ្លួនឯង និងហ៊ានលើកយកបញ្ហានេះមកជជែកឱ្យបានច្រើនជាងមុន ដើម្បីភាពប្រសើរឡើងរបស់ខ្លួនឯង។
ក្រៅពីការបកស្រាយពន្យល់របស់ចិត្តវិទូហើយនោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានការសម្តែងពីក្រុមសិល្បករ ដូចជាការច្រៀង ការសម្តែងរបាំសហសម័យ, ការបង្ហាញម៉ូដ និងកិច្ចពិភាក្សាតុមូល ជាដើម។
គម្រោងសិល្បៈ និងសុខភាពផ្លូវចិត្ត ដែលមានប្រធានបទ «តើសិល្បៈអាចជួយបញ្ហាសុខភាពផ្លូវចិត្តបានដោយរបៀបណា?» អាចកើតឡើងបានដោយមានការគាំទ្រពី យូនីសេហ្វ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង USAID ក្នុងគោលបំណងផ្សព្វផ្សាយនិងលើកស្ទួយការផ្សះផ្សាផ្លួវចិត្តតាមរយៈសិល្បៈឱ្យកាន់តែទូលាយជាងមុននៅក្នុងប្រទេស៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច