ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះដិតដាមជាមួយសាច់រឿង «គ្រោះជីវិតកូវីដ-១៩»រហូតឧបត្ថម្ភ ២០០០សំបុត្រ ឱ្យមហាជនមកចូលទស្សនា

២៧ ឧសភា ២០២២ | កម្សាន្ដ

 

រឿង «គ្រោះជីវិតកូវីដ-១៩» ដែលផលិតករធ្លាប់អះអាងថា ជាភាពភាពយន្តដែលអ្នករកស៊ីអចលនទ្រព្យ និងអ្នកលក់អនឡាញមិនគួររំលងនោះ ពិតជាធ្វើឱ្យអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះដិតដាមក្នុងចិត្តប្រាកដមែន រហូតឧបត្ថម្ភ ២០០០សំបុត្រ ឱ្យមហាជនមកចូលទស្សនារឿងនេះដែរ។


គិតមកទល់ពេលនេះ ភាពយន្តខ្មែររឿង «គ្រោះជីវិតកូវីដ-១៩» ដែលជាភាពយន្តសម្រិតសម្រាំងប្រកបដោយគុណភាពនិយាយពីជីវិតពិត ការជួបប្រទះ និងការឆ្លងកាត់ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ របស់ផលិតករ និងអ្នកដឹកនាំរឿង លោក ហ៊ុយ យ៉ាឡេង ចាក់បញ្ចាំងបានប្រមាណ១សប្តាហ៍ហើយ។


រឿងនេះធ្លាប់ត្រូវផលិតករល្បីឈ្មោះរូបនេះបញ្ជាក់ក្នុងថ្ងៃសម្ភោធថា គឺជារឿងភាពយន្តដែលអ្នករកស៊ីអចលនទ្រព្យ និងអ្នកលក់អនឡាញមិនគួររំលងនោះឡើយ។ ជាក់ស្តែងពេលនេះ រឿង «គ្រោះជីវិតកូវីដ-១៩» ពិតជាទាក់ទាញចិត្តអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះនៅកម្ពុជាឱ្យដិតដាមជាប់អារម្មណ៍ពិតមែន នោះគឺ លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវឧកញ៉ា ម៉ន ដានី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KP Morn Dany។

 


បន្ទាប់ពីមើលឃើញចំនុចវិជ្ជមានជាច្រើនក្នុងរឿងនេះ និងគុណតម្លៃនៃរឿងដែលមិនមែនផ្តោតលើជំងឺកូវីដ១៩តែមួយ លោកឧកញ៉ា និងលោកជំទាវឧកញ៉ា បានចូលរួមឧបត្ថម្ភ ២០០០សំបុត្រដល់រឿង «គ្រោះជីវិតកូវីដ-១៩» ដើម្បីឱ្យសាធារណជនមកចូលទស្សនារឿងនេះកុំបីខាន។

 

 

ក្នុងនោះ ១០០០សំបុត្រ ជាការឧបត្ថមដល់សាធារណជនដែលមិនទាន់បានមកទស្សនារឿងនេះ ចំណែក១០០០សំបុត្រទៀត គឺសម្រាប់បុគ្គលិល និងអតិថិជនក្រុមហ៊ុនអចលនទ្រព្យ KP Morn Dany។ តាមប្រសាសន៍របស់ម្ចាស់បុរី KP ទាំងពីររូប រឿង «គ្រោះជីវិតកូវីដ-១៩» មានចំនុចវិជ្ជមានជាច្រើនដែលគ្រប់គ្នាគួរណាស់តែទស្សនា ព្រោះរឿងនេះមិនមែនផ្តោតលើវិបត្តិជំងឺកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែជាភាពយន្តដែលជំរុញលើកទឹកចិត្ត។

 


ឆ្លៀតឱកាសនោះ ផលិតករ និងអ្នកដឹកនាំរឿង លោក ហ៊ុយ យ៉ាឡេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា និងលោកជំទាវឧកញ៉ា ដែលបានឧបត្ថម្ភ ២០០០សំបុត្រដល់រឿង «គ្រោះជីវិតកូវីដ-១៩» និងបានអំពាវនាវឱ្យមហាជនមកចូលទស្សនារឿង «គ្រោះជីវិតកូវីដ-១៩» ព្រោះថារឿងនេះមិនមែនផ្តោតលើតែជំងឺនេះទេ វាមានគុណតម្លៃ និងការអប់រំជាច្រើនទៀត ដែលលោកបានច្បិចយកចេញពីរឿងដែលកើតឡើងក្នុងសង្គមបច្ចុប្បន្ន។

 


លោកបានបញ្ជាក់ផងដែរថា សម្រាប់សាធារណជនដែលមានបំណងចង់មកទស្សនារឿងនេះតាមរយៈសំបុត្រ Free ដែលឧបត្ថម្ភដោយលោកឧកញ៉ា និងលោកជំទាវឧកញ៉ា លោកអ្នកអាចចូល Comment លើវីដេអូ ឬទំនាក់ទំនងទៅលោកផ្ទាល់ ដោយសំបុត្រនឹងត្រូវរៀបចំជូននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង៥ល្ងាច។ កុំភ្លេចមកចូលរួមទស្សនារឿង «គ្រោះជីវិតកូវីដ-១៩» ដែលជាប្រភេទរឿងអប់រំឱ្យបានច្រើនកុះករ ដើម្បីជាការលើក និងជំរុញទឹកចិត្តដល់ផលិតករខ្មែរ។ ការចូលរួមរបស់អស់លោកអ្នកជាចលករដ៏សំខាន់ក្នុងការរុញច្រានឱ្យឧស្សហកម្មភាពយន្តខ្មែរឱ្យកាន់តែមានភាពធំទូលាយ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024