ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

៤ខែដើម ឆ្នាំ២០២២ កម្ពុជាបាននាំអង្ករចេញជាង ២សែនតោន កើនឡើង ១៤,៨៨ភាគរយ

២១ ឧសភា ២០២២ | ព័ត៌មានជាតិ

 

 

 

ក្នុងរយៈពេល ៤ខែដើម ឆ្នាំ២០២២នេះ កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេស បានជាង ២សែនតោន គឺកើនឡើងចំនួន ជាង ២ម៉ឺនតោន ស្មើនឹង ១៤,៨៨ភាគរយ បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១ ។

 


យោងតាមរបាយការណ៍ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមេសា ឆ្នាំ២០២២ និងទិដៅអនុវត្តបន្ដ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បរិមាណអង្ករនាំចេញក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ មានចំនួន ២២១ ១៣៨តោន កើនឡើងចំនួន ២៨ ៦៤៣តោន ស្មើនឹង ១៤,៨៨ភាគរយ បើធៀបនឹងបរិមាណនាំ ចេញក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១ដែលមានចំនួន ១៩២ ៤៩៥តោន។  

 

 

ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៥០ ៧១៩តោន ស្មើនឹង ៦៨,១៦ភាគរយ  , អង្ករសគ្រប់ប្រភេទមានចំនួន ៦៨ ០៥១តោន ស្មើនឹង ៣០,៧៧ភាគរយ និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ២៣៦៨តោន ស្មើនឹងង ១,០៧ភាគរយ។តាមប្រភពដដែល បរិមាណអង្ករដែលបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ៦៣ ៣៣៩តោន  កើនឡើងចំនួន ៤៧,៨២ភាគរយ។ ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ១១៥ ២៥៥តោន កើនឡើង ១០,០២ភាគរយ។

 

 

ទិសដៅអាស៊ានចំនួន ៤ប្រទេសមានបរិមាណសរុបចំនួន ២១ ៨៧៦តោន កើនឡើង២៥,១៣ភាគរយ និងទិសដៅដទៃទៀត ២២ប្រទសេមានបរិមាណសរុប ២០ ៦៦៨តោន គឺថយចុះចំនួន ២៤,៥៩ភាគរយ។ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤៨ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗ ចំនួន ១០មានរហូតដល់ ១៥៧ ២៥៩តោន ស្មើនឹង ៧១,១១ភាគរយ និងក្រុមហ៊ុន៣៨ ដទៃទៀត បាននាំចេញត្រឹមតែ ៦៣ ៨៧៩តោន ស្មើនឹង ២៨,៨៩ភាគរយ។ 

 


ដោយឡែក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានធ្វើការរនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម  ចំនួន ១ ៦៤៨ ៤៧៤តោន ដែលកើនឡើងចំនួន ៧,៧៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ មានចំនួន ១ ៥២៩ ២៨០តោន។គួរបញ្ជាក់ដែរថា ការនាំចេញអង្ករក្នុងខែមេសា ឆ្នាំ២០២២នេះ មានចំនួន ៥០ ៥៩៩តោន កើនឡើងចំនួន ១១ ៧៩២តោន  ស្មើនឹង ៣០,៣៩ភាគរយ បើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានចំនួន ៣៨ ៨០៧ តោន៕

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024