ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ទីក្រុងគៀវបានកម្ទេចបដិមាបន្សល់ទុកពីសម័យសូវៀតជាកេរតំណែលមិត្តភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន

ប្រទេសអ៊ុយក្រែនបានរុះរើកម្ទេចចោលរូបបដិមាដ៏ធំសម្បើមមួយដែលបន្សល់ទុកពីសម័យសូវៀតស្ថិតនៅកណ្តាលទីក្រុងគៀវដែលជាកេរតំណែលនិមិត្តរូបនៃមិត្តភាពរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនដែលអាជ្ញាធររបស់សូវៀតដែលបច្ចុប្បន្នជាប្រទេសរុស្ស៊ីនេះបានផ្ដល់ឱ្យប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ១៩៨២។

 

 

 

 

បដិមាសំរិទ្ធកម្ពស់ ៨ ម៉ែត្រ នេះគឺជារូបរបស់បុរសពីរនាក់ដោយដៃរបស់ពួកគេកាន់រូបសញ្ញាសូវៀតដែលមានរូបសញ្ញាញញួរនិងកណ្ដៀវ និងសិលាចារឹកមួយផ្ទាំងសរសេរថា«សហភាពសូវៀតនិងមិត្តភាពប្រជាជន» ដែលអាជ្ញាធរសូវៀតបានផ្ដល់អ៊ុយក្រែននៅក្នុងឆ្នាំ១៩៨២។

 

ប៉ុន្តែពេលនេះរូបសំណាកបង្ហាញពីមិត្តភាពដ៏សំខាន់មួយនេះត្រូវបានអ៊ុយក្រែនរុះរើកម្ទេចចោលហើយក្រោយពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈដែលមកដល់ពេលនេះបានបង្ខំឱ្យពលរដ្ឋអ៊ុយក្រែនរាប់សិបលាននាក់រត់ភៀសខ្លួនទៅក្រៅប្រទេស។

 

លោក សឺហ៊ី មៀហូរ៉ូដស្គី (Serhiy Myrhorodsky) ជាជាងម្នាក់ដែលបានឆ្លាក់រូបសំណាកនេះបាននិយាយថា ពេលនេះប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនដូច្នេះហើយរូបនេះគឺជាសត្រូវដ៏អាក្រក់បំផុតរបស់អ៊ុយក្រែន ហើយបដិមាមិត្តភាពរុស្ស៊ី-អ៊ុយក្រែននេះគឺលែងមានន័យទៀតហើយសម្រាប់អ៊ុយក្រែន។

 

 

 

 

 


រូបបដិមានេះនិងក្លោងទ្វាររាងកោងដូចឥន្ទធនូនៅពីលើបដិមានេះត្រូវបានគេសាងសង់ឡើងនៅទីនោះដើម្បីរំលឹកខួបលើកទី ៦០ ឆ្នាំនៃការបង្កើតសហភាពសូវៀត។

 

លោក វីតាលី គ្លីតស្កូ (Vitali Klitschko) អភិបាលក្រុងគៀវ (Kyiv) នៅប្រទេសអ៊ុយក្រែនបាននិយាយថា ក្លោងទ្វារនេះធ្វើពីសារធាតុទីតានីញ៉ូមនិងមានអង្កត់ផ្ចិត ៥០ ម៉ែត្រនៅចំទីតាំងដ៏សំខាន់នៅក្នុងទីក្រុងនេះដែលគេអាចមើលពីលើទៅឃើញទន្លេ ឌីនីប្រូ (Dnipro) ហើយក្លោងទ្វារនេះនឹងរក្សាទុកនៅដដែលប៉ុន្តែនឹងត្រូវប្តូរឈ្មោះទៅជាក្លោងទ្វារសេរីភាពនៃប្រជាជនអ៊ុយក្រែន (Arch of Freedom of the Ukrainian People)៕

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024