ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សិល្បករ និងទស្សនិកជនរន្ធត់ចិត្តជាខ្លាំងចំពោះ សុវត្ថិឌី ធារិកា ក្រោយឪពុកម្ដាយបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍

១៨ ឧសភា ២០២២ | កម្សាន្ដ

តារាចម្រៀង សុវត្ថិឌី ធារិកា យំឡើងខ្សោះខ្លួន ទន់ដៃទន់ជើងគិតអ្វីមិនចេញឡើយ ក្រោយជួបឧឧបទេវហេតុដ៏រន្ធត់បណ្តាលឱ្យឪពុម្តាយនាងស្លាប់ទាំងវ័យក្មេង។ ហេតុការណ៍នេះធ្វើឱ្យសិល្បករ ទស្សនិកទាំងក្នុងនិងក្រៅប្រទេស រន្ធត់ចិត្តអាណិតនាងឡើងខ្លោចចិត្ត ។


តារាចម្រៀងរូបនេះ និងក្រុមគ្រួសារកំពុងមានទុក្ខជាទម្ងន់ក្រោយពីជួបហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត បណ្តាលឱ្យឪពុកម្តាយនាងស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីថ្ងៃទី ១៧ ខែ ឧសភា នេះ នៅស្រុក ឆែប ខេត្ត ព្រះវិហារ ក្រោយពីនាងត្រឡប់មកពីបំពេញការងារនៅទីនោះ ។ ចំណែកនាង, ប្អូនប្រុស និងជីដូន ដែលរួមដំណើរជាមួយគ្នា មានសុវត្ថិភាព ។ 

 


ភ្លាមៗក្រោយពីជួបហេតុការណ៍ដ៏រន្ធត់ចិត្តនេះមានសិល្បករសិល្បការីនីជាច្រើនបាននាំគ្នាផ្ញើសាររំលែកទុក្ខក៏ដូចជាលើកទឹកចិត្តឱ្យនាងរឹងមាំឡើង ពីព្រោះនាងនៅមាន ជីដូន និងប្អូនប្រុសដែលត្រូវ មើលថែ ។ ក្នុងនោះក៏មានសិល្បករមួយចំនួនទៀត ជួយនាំគ្នាចាត់ចែងពិធីបុណ្យឪពុកម្តាយរបស់ តារាចម្រៀង សុវត្ថិឌី ធារិកា ។  ពេលនេះសព ឪពុកម្តាយ សុវត្ថិឌី ធារិកា កំពុងកម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត សង្រ្កានតាព្រហ្មស្ទឹងមានជ័យ ហើយសពនឹងត្រូវបូជានៅថ្ងៃទី ១៩ ខែ ឧសភា ស្អែកនេះ ។

 


នាងស្ទើរតែគ្មានព្រលឹងនៅក្នុងខ្លួន ដោយយំឡើងខ្សោះខ្លួន ក្រោយជួបឧបទេវហេតុដ៏រន្ធត់នៅក្នុងជីវិត នាងរៀបរាប់ទាំងទឹកភ្នែកថា ឪពុកម្តាយនាងនៅក្មេងណាស់ហេតុអ្វីត្រូវជួបរឿងបែបនេះ ? ទើបតែថតរូបជុំគ្នាយ៉ាងស្រស់ស្អាតហេតុអ្វីដាច់ចិត្តទៅចោលនាង ? ជាមួយគ្នានេះដែរ សុវត្ថិឌី ធារិកា បានសំណូមពរឱ្យបងប្អូនក្នុងបណ្តាលសង្គម ឈប់បង្ហោះរូបសពឪពុកម្តាយនាងតទៅ ទៀត ពីព្រោះឪពុកម្តាយនាងស្រស់ស្អាតណាស់ នាងមិនចង់ឃើញរូបភាពទាំងនោះទេ ។  

 


តារាចម្រៀង សុខ ពិសី ក្រោយឃើតារាចម្រៀង សុវត្ថិឌី ធារិកា ជួបនូវរឿងរន្ធត់បែបនេះ នាងបានផ្ញើសាររំលែកទុក្ខ តារាចម្រៀង សុវត្ថិឌី ធារិកា ភ្លាម « បងសូមចូលរួមរំលែកទុក្ខផងប្អូនស្រី សូមប្អូនរឹងមាំឡើង » ។ កន្លងមកតារាចម្រៀង សុខ ពិសី ក៏ធ្លាប់ជួបនូវឧបទេវហេតុដ៏រន្ធត់នេះផងដែរ ដែលបណ្តាលឱ្យម្តាយនាងស្លាប់បាត់បង់ជីវិត អារម្មណ៍នោះនៅតែដក់ក្នុងចិត្តនាងមកដល់សព្វថ្ងៃនេះ ។  

 


លោក អ៊ាម វន្នី , ប៉ែន ចំរុង , សុគន្ធ ថេរ៉ាយុ , ករុណាពេជ្រ , ឆឹម សក្កដា,  ពេជ្រ សោភា , ដួង ម៉ានិច , អ្នកនាង ចន ច័ន្ទលក្ខិណា , កាតុ រួមជាមួយតារាថ្មីចាស់ជាច្រើនទាំងក្នុងនិងក្រៅប្រទេស ក៏បានផ្ញើសាររំលែកទុក្ខ កញ្ញា សុវត្ថិឌី ធារិកា ផងដែរ « បងទទួលយកមិនបានទេអូនអើយ បងរន្ធត់ចិត្ត បងស្លុតចិត្តណាស់អូន សូមចូលរួមសោកស្តាយនូវការបាត់បង់ដ៏ធំធេងនេះណាអូន  សូមប្អូនរឹងមាំឡើង ពូកគាត់ទៅបានសុខហើយ » ។

 


ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា និងសិល្បករជាច្រើនរូបទៀតក៏បានជួយចាត់ចែងពិធីបុណ្យសពឪពុម្តាយ សុវត្ថិឌី ធារិកា ផងដែរ ។ មិនត្រឹមតែសិល្បករក្នុងនិងក្រៅប្រទេសនោះទេដែលរន្ធត់ចិត្តនិងអាណិតតារាចម្រៀង សុវត្ថិឌី ធារិកា នៅពេលជួបនូវរឿងបែបនេះ សូម្បីតែទស្សនិកជនក៏រន្ធត់ចិត្ត និងអាណិតនាងដែរ ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងពេលមួយប្រព្រិចភ្នែក ទាំងមិនបានលាគ្នា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024