ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញផលិតអំបិលធម្មជាតិថា នៅឆ្នាំ២០២២នេះ កម្ពុជាមានលទ្ធភាពប្រមូលផលអំបិលបានតិចបំផុតត្រឹមតែ ២ម៉ឺនតោនប៉ុណ្ណោះ

១៧ ឧសភា ២០២២ | សេដ្ឋកិច្ច

 

អ្នកជំនាញផលិតអំបិលធម្មជាតិបានឲ្យដឹងថា នៅឆ្នាំ២០២២នេះ កម្ពុជា នឹងបន្តជួបបញ្ហាកង្វះអំបិលធម្មជាតិទៀតហើយ ខណៈដល់ពេលត្រូវបិទបញ្ចប់ការប្រមូលផល បែរជាប្រមូលបានជាង ២ម៉ឺនតោនប៉ុណ្ណោះគឺទាបជាងឆ្នាំមុនរហូតជាង ៦ម៉ឺនតោនឯណោះ។

 


លោក ប៊ុន ណារិន អ្នកជំនាញផលិតអំបិលខេត្តកំពតបានប្រាប់ភីអិនអិនថា ផលិតកម្មអំបិលខេត្តកំពតឆ្នាំនេះអាចនឹងប្រមូលផលអំបិលបានត្រឹម២ម៉ឺនតោន ដោយសារតែបញ្ហាអាកាសធាតុបាន គំរាកំហែងដល់ការផលិតអំបិល និងបានទាញទម្លាក់បរិមាណផលទទួលបានទាបបំផុតនៅឆ្នាំ២០២២នេះ។

 


លោក ប៊ុន ណារិនបន្ថែមថាការប្រែប្រួលអាកាសធាតុឆ្នាំនេះបានធ្វើឱ្យដំណើរការផលិតអំបិលនៅទូទាំងខេត្តកំពតដែលជាទីតាំងផលិតអំបិលធំជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០២២ ធ្លាក់ចុះខ្លាំង ដោយនឹងអាចប្រមូលផលបានត្រឹម២ម៉ឺនតោនប៉ុណ្ណោះឆ្នាំនេះ ដូច្នេះបរិមាណនេះមិនអាចផ្គត់តម្រូវការប្រើប្រាស់ក្នុងស្រុកគ្រប់គ្រាន់នោះឡើយ ពោលគឺឆ្នាំនេះអាចនឹងមានគម្រោងនាំចូលអំបិលពីក្រៅប្រទេសច្រើន។ 

 


យ៉ាងណាបើតាមលោក ប៊ុន ណារិន តម្លៃអំបិលនៅកន្លែងប្រមូលផល មានការកើនឡើងថ្លៃបន្តិច ដោយប្រជាកសិករនៅតាមស្រែ ពួកគាត់បានក្នុងតម្លៃចាប់ពី២ម៉ឺនរៀលឡើងទៅសម្រាប់អំបិល១បៅ ទម្ងន់ ៥០គីឡូក្រាម ដោយកើនពីតម្លៃ៣ពាន់ទៅ៥ពាន់រៀល ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕
 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024