ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្មេងៗនីហ្សេរីយ៉ា កែប្រែជីវិត តាមរយៈការបញ្ចេញសមត្ថភាពក្បាច់រាំ

១៦ ឧសភា ២០២២ | កម្សាន្ដ

 

តាមរយៈសមត្ថភាពក្បាច់រាំទាក់ភ្នែក កុមារៗនីហ្សេរីយ៉ាដែលជាសមាជិកក្រុមរាំឈ្មោះ "The Incredible Kids" (ដឺ អីនក្រេដីប៊ល ឃីតស៍) បានផ្លាស់ប្ដូរជីវិតរបស់ខ្លួនទាំងស្រុង ងើបផុតពីជីវភាពលំបាកវេទនា។

 


ក្នុងនាមជាក្មេងពិការម្នាក់រស់នៅប្រទេសនីហ្សេរីយ៉ា កុមារា Joshua Anum (ចូសសួរ អេនឹម) មិនធ្លាប់ស្រមៃថាបានក្លាយខ្លួនជាតារាល្បីលើអ៊ីនធឺណីតនោះឡើយ។ប៉ុន្តែពេលនេះកុមារាវ័យ ១៥ឆ្នាំដែលបានបាត់បង់ដៃឆ្វេងក្នុងគ្រោះថ្នាក់មួយ បានក្លាយជាសមាជិកមួយរូបនៃក្រុមរាំឈ្មោះថា "The Incredible Kids" (ដឺ អីនក្រេដីប៊ល ឃីតស៍) ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងលើបណ្ដាញ Instagram (អ៊ីនស្តាក្រាម) និងទទួលបានការងារសម្ដែងជាច្រើនថែមទៀតផង។ 

 


ក្រុមដែលដឹកនាំដោយសមាជិកវ័យ៥ឆ្នាំឈ្មោះ Emmanuella Micah (អេម៉ានូអេលឡា មីកា) នេះបានសម្ដែងចេញនូវក្បាច់រាំញាប់ៗដែលរាំតាមបទចម្រៀងនីហ្សេរីយ៉ាល្បីៗ ដោយក្បាច់រាំរបស់ពួកគេមានភាពទាក់ទាញជាខ្លាំង។ 

 


ក្មេងៗនៃក្រុម "The Incredible Kids" (ដឺ អីនក្រេដីប៊ល ឃីតស៍) រស់នៅជាមួយបុសឈ្មោះ Maliki Emmanuel (មាលីគី អេមានូអេល) ដែលជាអ្នកបង្កើតក្រុមនេះឡើង និងជាអ្នករាំម្នាក់ផងដែរ។ 

 


តាមសម្ដីរបស់ Maliki Emmanuel (មាលីគី អេមានូអេល) បានឲ្យដឹងថាសមាជិកនៃក្រុម "The Incredible Kids" (ដឺ អីនក្រេដីប៊ល ឃីតស៍) ភាគច្រើនគឺមកពីគ្រួសារដែលមានជីវភាពខ្វះខាត។ 

 

 

លោក បានបន្ថែមថាក្រុមរាំនេះចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ និងទទួលបានកេរ្តិ៍ឈ្មោះបន្ទាប់ពីទទួលបានការជួយជ្រោមជ្រែងពីផលិតករនីហ្សេរីយ៉ាម្នាក់ឈ្មោះថា Don Jazzy (ដន ចាសហ្សី) ហើយការដែលរូបគេអាចផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយក្មេងៗក្នុងក្រុម ក៏ព្រោះតែរូបគេក៏ធ្លាប់ជាក្មេងរស់នៅក្នុងគ្រួសារដែលខ្វះខាតដែរ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024