ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
តទៅនេះជាប្រវត្តិភោជនីយដ្ឋានមួយឈ្មោះហេបភី.បាក.ដេ (Happy Bark Day) ដែលបើកដំណើរការដំបូងកាលពីខែធ្នូ ឆ្នាំ២០២១។ នេះជាប្រភេទភោជនីយដ្ឋានដ៏កម្រដែលបើកដំណើរការសម្រាប់បម្រើអាហារជូនសត្វឆ្កែ និងសត្វឆ្មា។
នៅទីនេះប្រមូលផ្ដុំទៅដោយប្រភេទអាហារប្រណីតៗ ដែលល្អចំពោះសុខភាព ប្រៀបបាននឹងអាហារដែលមនុស្សយើងបរិភោគដែលសម្រិតសម្រាំងដោយម្ចាស់ហាងផ្ទាល់គឺអ្នកស្រីហ៊ីយុនស៊ុក.គូ(Hyunsuk Ku)។ អ្នកស្រីបានចាកចេញពីប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០០៨ទៅរស់នៅទីក្រុងឌុយបៃ, ហើយសម្រេចចិត្តថានឹងបង្ហាញស្នាដៃឆ្នើមខាងផ្ដល់អាហារូបត្ថម្ភសម្រាប់ឆ្កែ នៅពេលដែលឆ្កែរបស់អ្នកស្រីធ្លាក់ខ្លួនឈឺ។
អ្នកស្រីយកចិត្តទុកដាក់ជាពិសេសចំពោះចំណីអាហាររបស់ឆ្កែអ្នកស្រី។ អ្នកស្រីយល់ថាម្ចាស់ឆ្កែទាំងអស់សុទ្ធតែប្រាថ្នាចង់ឃើញឆ្កែរបស់ខ្លួនរស់នៅមានអាយុយឺនយូរតាមដែលអាចធ្វើទៅបាន។
ដោយហេតុនោះហើយ, អ្នកស្រីក៏ចាប់ផ្ដើមកែច្នៃមុខម្ហូបអាហារផ្សេងៗដោយប្រើប្រាស់តែគ្រឿងផ្សំដែលស្រស់ៗ មានគុណភាពខ្ពស់ ដោយយកម៉ូដែលតាមមិត្តភក្តិរបស់អ្នកស្រីដែលមានរូបមន្តចម្អិនអាហារយ៉ាងពិសេសសម្រាប់ឆ្កែរបស់ខ្លួន។
នៅថ្ងៃ១, អ្នកស្រីគិតក្នុងចិត្តថានៅក្នុងពិភពលោកមិនខ្វះទេអាហារដ្ឋាន ឬភោជនីយដ្ឋានដែលបម្រើអាហារសម្រាប់មនុស្ស។ ប៉ុន្តែហេតុអ្វីបានជាមិនមានភោជនីយដ្ឋានសម្រាប់សត្វឆ្កែ? ដូច្នេះ នៅចាំអីទៀត? អ្នកស្រីក៏ផ្ដួចផ្ដើមបង្កើតភោជនីយដ្ឋាននេះតែម្ដង។
នៅភោជនីយដ្ឋានហេបភី.បាក.ដេ, អ្នកស្រីហ៊ីយុនស៊ុកគូមានបម្រើអាហារដូចជាផាប់ប៉ាស៊ីណូ(puppacinos) ដែលជាមុខម្ហូបផ្សំពីការរម្ងាស់កន្ទុយគោ ឬសាច់មាន់ និងនំផាប់ខេក(pupcakes)ដែលផ្សំពីសាច់គោ ឬសាច់ត្រីសាល់ម៉ុនផ្ទាប់ជាមួយបន្លែគ្រប់មុខ។
ជួនកាល មានទឹកតែសម្រាប់បម្រើនៅពេលល្ងាចថែមទៀតផង។ ឆ្កែមុននឹងស៊ីអាហារទាំងនេះ ត្រូវឡើងអង្គុយនៅលើកៅអីខ្ពស់ ហើយស៊ីត្របាក់យកៗតែម្ដង នៅពេលដែលគេដាក់អាហារដល់មុខវាភ្លាម។ ម្ចាស់ឆ្កែម្នាក់ប្រាប់ថាអាហារបែបនេះគឺប៉ូវសុខភាពសម្បើមណាស់សម្រាប់ឆ្កែរបស់គាត់។
នេះជាអាហារដែលឆ្កែអាចស៊ីមួយចម្អែតក្រពះតែម្ដង។ អ្នកស្រីប្រាប់ថាមានភោជនីយដ្ឋានបែបនេះពិតជាល្អខ្លាំងណាស់ ព្រោះនៅទីក្រុងឌុយបៃអាកាសធាតុកំពុងតែក្ដៅខ្លាំង។ ដូច្នេះបើបានចូលកន្លែងត្រជាក់ៗអីចឹងធ្វើឲ្យឆ្កែមានអារម្មណ៍ស្រួលខ្លួន។
ចំពោះតម្លៃអាហារនៅភោជនីយដ្ឋានហេបភីបាកដេ១ចានចន្លោះពី១០ទៅ២០ដុល្លារ។
ភោជនីយដ្ឋាននេះក៏មានលក់នំសម្រាប់រៀបចំពិធីខួបកំណើតរបស់ឆ្កែផងដែរ នំមួយលក់តម្លៃ៥៥ដុល្លារដែលផ្សំគ្រឿងយ៉ាងពិសេស មានរសជាតិឈ្ងុយឆ្ងាញ់ ដោយសារផ្សំគ្រឿងយ៉ាងពិសេស។
អ្នកស្រីហ៊ីយុនសុក.គូដែលជាម្ចាស់ហាង ប្រាប់ថាអ្នកស្រីនឹងពង្រីកសាខាបន្ថែមទៀតនៅទូទាំងប្រទេសអារ៉ាប់រួមនាពេលអនាគត៕
ប្រែសម្រួល៖ អន សំអាង