ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

និយ័តករមូលបត្រកម្ពុជា ប្រកាសទទួលស្គាល់ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពទី១ ក្នុងវិស័យមូលបត្រ

១៣ ឧសភា ២០២២ | សេដ្ឋកិច្ច

 

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាអ្នកថែរក្សានូវមូលបត្រ ទាំងមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ ដែលវិនិយោគិនបរទេសធំៗ កំពុងត្រូវការ ដើម្បីឱ្យភ្នាក់ងារនេះធ្វើការងារជំនួសមួយចំនួននៅក្នុងវិស័យមូលបត្រ។


ឯកឧត្តមបន្តអះអាងថា យើងទុកចិត្តទាំងស្រុងថា តាមរយៈការផ្តល់ការអនុម័តជូនធនាគារអេស៊ីលីដានូវវិញ្ញាបនបត្រភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ នឹងជំរុញនូវភាពទាក់ទាញវិនិយោគិនធំៗដែលគាត់ចាប់អារម្មណ៍ចង់សាកល្បងធ្វើពិពិធកម្មការនិយោគមួយចំណែកមកប្រទេសកម្ពុជា។ 

 


ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ការចូលរួមរបស់ធនាគារអេស៊ីលីដា កន្លងមកនៅក្នុងផ្សារមូលបត្រកម្ពុជា គឺជាការចូលរួមក្នុងការអភិវឌ្ឍន៍ និងការរីកចម្រើននៅក្នុងវិស័យមូលបត្រ។

 


ឯកឧត្តមបន្តអះអាងថា ការចូលរួមរបស់ធនាគារអេស៊ីលីដា នៅក្នុងផ្សារមូលបត្រគឺធ្វើឡើងស្របគ្នាទៅនឹងការរីកចម្រើនរបស់វិស័យមូលបត្រកម្ពុជា ដែលក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំទីផ្សារនេះគឺមានកំណើនទាំងចំនួនវិនិយោគិន និងទំហំនៃការជួញដូរ ដែលជាក់ស្តែងនៅឆ្នាំ២០២១ ការជួញដូរ មានរហូតជុំវិញ ២៧ម៉ឺនដុល្លារ ខណៈគណនេយ្យជួញដូរនៃវិនិយោគទុនថ្មីបានកើនឡើងជាមធ្យមក្នុង១ខែ មានប្រមាណចន្លោះពី២០០ ទៅ៥០០ គណនីយ។

 


ជាការឆ្លើយតបទៅនឹងលទ្ធផលនេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានបង្ហាញពីជំនឿយ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារ  អេស៊ីលីដា នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិន ជាពិសេស វិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រនៅបរទេសរបស់ក្រុមហ៊ុនបរទេសមួយចំនួន ចាំបាច់ត្រូវធ្វើឡើង តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ បន្ថែមលើនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើឱ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្មផងដែរ៕
 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាព៖ សេត ប៊ុនថាន់

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024