ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

៤ខែដើមឆ្នាំនេះកម្ពុជានចេញអង្ករកើនជាង ១៥ភាគរយ

០៩ ឧសភា ២០២២ | សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួនជាង ២២ ម៉ឺនតោន នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ នេះ កើនឡើងប្រមាណ ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១។

 


របាយការនៃការនាំចេញអង្កររបសសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២២ កម្ពុជាសម្រេចនាំចេញអង្ករជាង ២២ម៉ឺនតោន កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចេញស្រូវបានចំនួន១លាន ៦៤ម៉ឺន៨ពាន់តោន ដោយគិតជាទឹកប្រាក់នាំចេញសរុបជាង ៥០០ លានដុល្លារ។

 


ជាមួយនឹងកំណើននៃការនាំចេញអង្ករនេះគឺមានក្រុមហ៊ុននាំចេញចំនួន ៤៨ ក្រុមហ៊ុន បានធ្វើការនាំចេញទៅកាន់គោលដៅចំនួន ៥៤ ប្រទេស។ ក្នុងនោះកម្ពុជាបាននាំទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១១ម៉ឺន៥ពាន់តោន ឬស្មើនឹងជាង ៥២ ភាគរយនៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ជាង ៦២ លានដុល្លារ។

 


នៅក្នុងនោះដែរតំបន់អឺរ៉ុបមានបរិមាណនាំចេញ៦ម៉ឺន៨ពាន់៥៥៥ តោន ឬស្មើនឹង ៣១ ភាគរយ ជាមួយនឹងទឹកប្រាក់ជាង ៥១លានដុល្លារ ខណៈតំបន់សមាជិកអាស៊ានជាង ២ម៉ឺនតោន ឬស្មើនឹងជិត១០ ភាគរយ ទទួលបានទឹកប្រាក់ជាង ១៣លានដុល្លារ និងបណ្តាប្រទេសផ្សេងៗជាង ១ម៉ឺន៥ពាន់តោន ឬស្មើនឹងជិត៧ ភាគរយ គិតជាទឹកប្រាក់ជាង ១១ លានដុល្លារ។

 


សូមជម្រាបថា ប្រភេទអង្ករដែលក្រុមហ៊ុននាំចេញនាពេលនេះរួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមានចំនួនជាង ៦៧ ភាគរយ អង្ករសជាង ៣០ ភាគរយ អង្ករចំហុយជាង១ ភាគរយ និងអង្ករសរីរាង្គជាង១,៦ ភាគរយ៕
 

 

 

 អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024