ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា ទទួលកម្ចី និងជំនួយប្រមាណ ៤,២ពាន់លានដុល្លារពី ADB

០៩ ឧសភា ២០២២ | សេដ្ឋកិច្ច

 

គិតត្រឹមឆ្នាំ ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្រកាសផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស សរុប ៣១៩គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ពាន់ ២រយលានដុល្លារអាមេរិកដល់ ប្រទេសកម្ពុជា។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើ គេហទំព័រផ្លូវការរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី។


ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានក្លាយប្រភពផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយ របស់ប្រទេសកម្ពុជា ដោយបានផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំ ជាមធ្យមប្រមាណ ៣៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ កាលពីចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១។


ជំនួយឥតសំណង និងជំនួយបច្ចេកទេស ដែលផ្តល់ដោយ ADB ភាគច្រើនផ្តោតសំខាន់ទៅលើ វិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អភិវឌ្ឍន៍ជនបទ ថាមពល ហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម។


យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជា ក្នុងឆ្នាំ ២០១៩-២០២៣ ជួយគាំទ្រដល់ការងើបឡើងវិញរបស់កម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ១៩ ដោយការពង្រឹងប្រព័ន្ធសុខាភិបាល និងដោះស្រាយឧបសគ្គធំៗដែលរារាំងកំណើន សមត្ថភាពប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាពរបស់ប្រទេស។

 


នៅក្រោមជំនួយរបស់ ADB សម្រាប់ឆ្នាំ ២០២២-២០២៤ ធនាគារ នឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងជំនាញកម្រិតខ្ពស់លើបច្ចេកវិទ្យា និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន។

 


នៅក្នុងឆ្នាំ ២០២១ ធនាគារ ADB បានផ្តល់ប្រាក់កម្ចីចំនួន ៣២៧លានដុល្លារអាមេរិក គាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីបង្កើននូវ សមត្ថភាពប្រព័ន្ធសុខភាពស្នូល ឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ។ 

 


សូមរម្លឹកបន្តិចថា យោងតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីខែមេសា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និង លំហូរវិនិយោគផ្ទាល់ពីបរទេស៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024