ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រុមតំណាងរោងចក្រកាត់ដេរនៅកម្ពុជា ស្នើឲ្យ EU លើកពេលការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

០៤ មិថុនា ២០២០ | សេដ្ឋកិច្ច

ក្រុមតំណាងរោងចក្រកាត់ដេរនៅកម្ពុជា រួមមានសមាគមរោងចក្រកាត់ដេរកម្ពុជា, សមាគមរោងចក្រស្បែកជើង និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីម្សិលមិញនេះ បានដាក់លិខិតមួយរួមគ្នា ដើម្បីស្នើទៅកាន់សហភាពអឺរ៉ុប ឲ្យលើកពេលការដកនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលគ្រោងនឹងអនុវត្តនៅខែសីហាឆ្នាំនេះ ទៅអនុវត្តនៅខែសីហា ឆ្នាំ២០២១វិញ ក្រោមហេតុផលវិបត្តិកូវីដ-១៩។ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ក្នុងកាលៈទេសៈនេះ វាអាចជាឱកាសមួយ ដែលសហភាពអឺរ៉ុប នឹងពិចារណាចំពោះ ការពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ព្រោះ បើដកនាពេលនេះ គឺវាដូចជាការដាក់សម្ពាធមួយ ចំពោះកម្មករនិយោជិតរោងចក្រកាត់ដេរនៅកម្ពុជាកាន់តែខ្លាំងថែមទៀត។

 

 ជុំវិញទៅនឹងបញ្ហានេះ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតនោះថា ប្រសិនបើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងបន្ដនៅពេលខាងមុខ ការងារកាន់តែច្រើននឹងបាត់បង់ ហើយនឹងមិនអាចមានត្រឡប់មកវិញនោះទេ។ សហភាពអឺរ៉ុប មិនត្រូវព្រងើយកន្ដើយនឹងស្ថានភាពធ្ងន់ធ្ងរនិងផលប៉ះពាល់បំផ្លិចបំផ្លាញ នៃការដកអត្ថប្រយោជន៍ នៃប្រព័ន្ធអនុគ្រោះ EBA នៅក្នុងខែសីហា ខាងមុខនោះទេ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃមេរោគ នៅតែមានចំពោះវិស័យកាត់ដេររបស់កម្ពុជា។  
សមាគមរោងចក្រកាត់ដេរកម្ពុជា បានស្នើដល់សហភាពអឺរ៉ុប ឲ្យធ្វើការវាយតម្លៃម្ដងទៀត អំពីផលប៉ះពាល់នៃការសម្រេចចិត្តរបស់ខ្លួន នៅក្នុងវិបត្តិដែលកំពុងកើតមាននេះ ហើយស្នើឲ្យមានការពន្យារពេលការដកផ្នែកខ្លះនៃអត្ថប្រយោជន៍ពីភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា យ៉ាងហោចណាស់ត្រូវពន្យាររយៈពេល ១២ខែទៀត ដែលអាចរហូតដល់ ខែសីហា ឆ្នាំ២០២១។


លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ច បានអះអាងថា ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតនេះ វាគឺជាឱកាសមួយដែរ ក្នុងការស្នើទៅអឺរ៉ុបពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ព្រោះបើអឺរ៉ុបដក EBA ទៅតាមការកំណត់ នៅខែសីហាឆ្នាំនេះ នោះវាគឺដូចជាការសម្លាប់កម្មកររោងចក្រកាត់ដេរអញ្ចឹងដែរ ព្រោះពួកគាត់ជាក្រុមអ្នកមានប្រាក់ចំណូលទាប និងងាយរងគ្រោះ។  
លោក Amaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា ការរីករាលដាលនៃមេរោគកូវីដ-១៩ បាននិងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយស្ថានភាពនេះ ក៏មិនខុសពីប្រទេសកម្ពុជាដែរ ដែលការអភិវឌ្ឍរបស់កម្ពុជាគឺពឹងផ្អែកខ្លាំងទៅលើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។
បើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា មានក្រុមហ៊ុនម៉ាក និងអ្នកលក់រាយជាច្រើននៅអឺរ៉ុប និងអាមេរិកខាងជើង ត្រូវបានបង្ខំចិត្ត លុបចោលការបញ្ជាទិញ ឬមានអ្នកខ្លះរហូតដល់ក្ស័យធន ដោយសារតែផលប៉ះពាល់នៃមេរោគកូវីដ-១៩។

 

បើតាមការប៉ាន់ប្រមាណរបស់ GMAC នៅត្រីមាសទី ២ ឆ្នាំ២០២០ ការលក់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នឹងមានការធ្លាក់ចុះដល់ទៅ ៥០ ទៅ៦០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ហើយវាអាចនឹងមានការប្រសើរឡើងតិចតួចប៉ុណ្ណោះ នៅមុនឆ្នាំ២០២១។
នៅពេលដែលត្រូវបានសួរថា ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ និងត្រូវសហភាពអឺរ៉ុប នឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្នែកខ្លះផងនោះ តើវាអាចជាឥទ្ធិពលធ្វើឲ្យវិស័យកាត់ដេរកម្ពុជា ត្រូវដួលរលំ ដែរឬយ៉ាងណា? លោក បណ្ឌិត គី សិរីវឌ្ឍន៍ បានឆ្លើយបញ្ជាក់ថា បើទោះបីជា EBA នឹងត្រូវដកក៏ដោយ ក៏វិស័យកាត់ដេររបស់កម្ពុជាស្ថិតនៅក្នុងស្ថានភាពដដែល ហើយវាមិនមែនជាបញ្ហាតែកម្ពុជាទេ អ្នកបញ្ជាទិញផលិតផលពីកម្ពុជានាំចេញទៅអឺរ៉ុប ក៏នឹងមានបញ្ហាដែរ។ យ៉ាងណាមិញ នៅក្រោយពេលវិបត្តិកូវីដ-១៩នេះ ដើម្បីលើកស្ទួយសេដ្ឋកិច្ចឡើងវិញ អាមេរិក អឺរ៉ុប ក៏នឹងជំរុញឲ្យមានការប្រើប្រាស់ឡើងវិញដែរ។ ដូច្នេះ ការជំរុញ ការប្រើប្រាស់ឡើងវិញនេះ ក៏មានឥទ្ធិពលទៅលើការទិញទំនិញពីកម្ពុជាដែរ។


សូមបញ្ជាក់ថា បើតាមការគ្រោងទុករបស់សហភាពអឺរ៉ុបការដក EBA ពីកម្ពុជានឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ១២ ខែសីហា ឆ្នាំនេះ ដោយក្នុងនោះ មានការដកភាពអនុគ្រោះពន្ធលើទំនិញនាំចេញ ២០% ចំពោះផលិតផលសម្លៀកបំពាក់ និង៣០% ចំពោះផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ។

 

 


បើតាមការអះអាង របស់អ្នកជំនាញសេដ្ឋកិច្ច នៅក្រោយវិបត្តិកូវីដ-១៩ វិស័យកាត់ដេរកម្ពុជា នឹងមានភាពប្រសើរឡើងវិញ ពិសេសកាន់តែមានភាពប្រកួតប្រជែងជាងប្រទេសដែលជាដៃគូប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរដូចគ្នា គឺបង់ក្លាដេស ខណៈដែលបច្ចុប្បន្ននេះ វិស័យកាត់ដេររបស់បង់ក្លាដេសកំពុងរងគ្រោះខ្លាំងជាងកម្ពុជាទៅទៀត ដោយសារតែវិបត្តិកូវីដ-១៩នេះ៕

 

អត្ថបទ៖ ចាន់ ភារម្យ 


 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024