ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ឧស្សាហកម្មកាត់ដេរកម្ពុជានៅតែបន្តអូសបន្លាយពុំមានការបញ្ជារទិញថ្មីនោះទេ  

០១ កក្កដា ២០២០ | សេដ្ឋកិច្ច

លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបញ្ជាក់ជាថ្មី ថា មកដល់ពេលនេះវិស័យឧស្សាហកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងពុំទាន់ចាប់ផ្តើមដំណើរការឡើងវិញល្អប្រសើរនោះទេ មិនល្អដោយសារតែការបញ្ជារទិញទាំងឡាយកាលពីឆ្នាំ២០១៩ត្រូវបានលើកពេលជាបន្តបន្ទាប់រហូតដល់ខែកក្កដា ឬ អាចលើសពីនេះទៀត បើសិនស្ថានភាពជំងឺកូវីដ ១៩ នៅបន្តអូសបន្លាយយ៉ាងដូច្នេះ។


ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បញ្ជាក់ថា ការបញ្ជារទិញថ្មីៗគិតមកដល់ខែមិថុនានេះគឺមិនមានការបញ្ជារទិញសោះតែម្តង ខណៈប្រទេសដែលធ្លាប់តែបញ្ជារទិញទំនិញពីកម្ពុជានៅបន្តរងគ្រោះពីជំងឺកូវីដ ១៩ ដដែល។  លោកឧកញ៉ា វ៉ាន់ ស៊ូអៀង គិតថា ស្ថានភាពនេះនៅតែអូសបន្លាយរហូតដល់ខែតុលាឬដល់បំណាច់ឆ្នាំ២០២០ ជាពិសេស២ទៅ៣ខែតទៅមុខទៀតវិស័យឧស្សាហកម្មរោងចក្រនេះ នឹងនៅតែពិបាកហើយក៏នឹងមានការព្យូរការងារបន្ថែមរហូតទៅដល់ខែតុលារ ឬច្រើនជាងនេះ។

 


លោកឧកញ៉ាបន្ថែមថា បើសិនជាមានការបញ្ជារទិញថ្មីៗណាមួយកើតឡើងវិញនោះទើបរោងចក្រកាត់ដេរទាំងអស់នោះ អាចដំណើរការផលិតរបស់ខ្លួនឡើងវិញបាន ហើយវានឹងជំរុញឲ្យការនាំចេញប្រសើរឡើងវិញ ខណៈការនាំចេញក្នុងខែមិថុនានេះសម្រេចបានប្រមាណតែ៣០ភាគរយប៉ុណ្ណោះហើយវានឹងនៅតែបន្តធ្លាក់ចុះពី២០ទៅ៣០ភាគរយទៀត នៅរយៈពេល ៣ទៅ៤ខែខាងមុខ។


លោកឧកញ៉ាវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងទៀតថា វិស័យកាត់ដេរកម្ពុជាប្រឈមបញ្ហាជាប់ៗគ្នាមិនត្រឹមតែខ្វះវត្ថុធាតុដើមក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងអ្នកបញ្ជារទិញក៏សុំឲ្យមានការពន្យាការផលិត ខណៈនៅសហរដ្ឋអាមេរិក អឺរ៉ុប កំពុងបិទអាជីវកម្មមួយចំនួនដោយសារបញ្ហាកូវីដ ១៩ និងជាងនេះទៀតនៅខែសីហាខាងមុខប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុបក៏នឹងត្រូវបានអនុវត្តដែលនឹងធ្វើឲ្យការនាំចេញនៃឧស្សាហកម្មកាត់ដេរមួយនេះបាត់បង់ចំណែកទីផ្សាររហូត២០ភាគរយ ពោលគឺឧស្សាហកម្មមួយនេះប្រឈមបញ្ហាផ្ទួនៗក្នុងពេលតែមួយ។

 


លោកឧកញ៉ាបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលនេះអ្នកស្វែងរកការងារធ្វើនៅក្នុងឧស្សាហកម្មរោងចក្រក៏កំពុងជួបការលំបាកខ្លាំងក្លាដែរ ខណៈដែលមានរោងចក្របន្តព្យូរការងារ ហើយតម្លៃប្រាក់ឈ្នួលពលកម្មក៏មិនរំពឹងបានខ្ពស់ដូចមុនដែរ។ ប៉ុន្តែយ៉ាងណាក្នុងស្ថាភាពនេះលោកឧកញ៉ាក៏នៅតែបន្តសូមការយោគយល់ពីកម្មករ កម្មការិនីសូមកុំឲ្យមានការតវ៉ាណាមួយកើតឡើង ខណៈកម្ពុជាបច្ចុប្បន្នកំពុងជួបបញ្ហាកូវីដ ១៩ ដូច្នេះកម្មករ កម្មការិនីត្រូវតែចូលរួមលំបាកជាមួយគ្នា៕

អត្ថបទ ស៊ឺន សុន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024