ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អឺរ៉ុប សម្រេចដកភាពអនុគ្រោះពន្ធ EBA ប្រមាណ ២០% ពីកម្ពុជាជាផ្លូវការ

១៤ សីហា ២០២០ | សេដ្ឋកិច្ច

នៅទីបំផុត ដូចទៅនឹងការគ្រោងទុក នៅថ្ងៃទី ១២ ខែសីហា សហភាពអឺរ៉ុប បានសម្រេចដកនូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាជាផ្លូវការហើយ ដោយក្នុងនោះ មានទំនិញកម្ពុជាប្រមាណ ២០% នាំទៅទីផ្សារអឺរ៉ុបបាត់បង់ភាពអនុគ្រោះពន្ធ ហើយត្រូវបង់ពន្ធនាំចូលទៅអឺរ៉ុប ចាប់ពីពេលនេះទៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញនេះ។


បើតាមសហភាពអឺរ៉ុប មុខទំនិញកម្ពុជាដែលនឹងត្រូវដកភាពអនុគ្រោះពន្ធ EBA នោះ រួមមានផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង សម្ភារសម្រាប់ការធ្វើដំណើរ និងស្ករសផងដែរ។


លោក Phil Hogan ស្នងការពាណិជ្ជកម្មអឺរ៉ុបបានលើកឡើងថា អឺរ៉ុបបានផ្ដល់ឲ្យកម្ពុជានូវឱកាសពាណិជ្ជកម្ម ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជាអភិវឌ្ឍឧស្សាហកម្មផ្ដោតលើការនាំចេញ និងផ្ដល់ការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។ លោកបន្ថែមថា លោក ក៏ដូចជាសហភាពអឺរ៉ុប បានត្រៀមខ្លួនជាស្រេចដើម្បីបន្តការចូលរួម និងដើម្បីស្ដារឡើងវិញឲ្យផលិតផលកម្ពុជាចូលទីផ្សារអឺរ៉ុបដោយសេរីពេញលេញ នៅពេលដែល កម្ពុជាបានបង្ហាញឲ្យឃើញនូវភាពប្រសើរឡើងប្រកបដោយនិរន្តរភាពក្នុងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ។


ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសរួចហើយ នាពេលកន្លងទៅនេះថា កម្ពុជានឹងមិនប្ដូរអធិបតេយ្យភាពរបស់ខ្លួនដើម្បីទទួលបានជំនួយរបស់បរទេសនោះទេ។ 


អ្នកជំនាញក្នុងវិស័យកាត់ដេរកម្ពុជា លោក គេន លូ ដែលជាអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងនាពេលថ្មីៗនេះថា ជាការពិតការដកផ្នែកខ្លះនៃ EBA នេះវាពិតជាប៉ះពាល់ដល់វិស័យកាត់ដេរកម្ពុជាមែន ប៉ុន្ដែ លោកថា បញ្ហាធំនាពេលនេះ គឺមិនមែនរឿង ដក EBA នោះទេ តែវាគឺជារឿងកូវីដ-១៩ ទោវិញទេ ដែលបច្ចុប្បន្នបញ្ហានេះ កំពុងធ្វើឲ្យមានឥទ្ធិពលអាក្រក់មកលើសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា ពិសេសក្នុងវិស័យកាត់ដេរផងដែរ។


ក្រោយពីមានសេចក្ដីប្រកាសព័ត៌មានអំពីការដក EBA ពីកម្ពុជាដោយសភាពអឺរ៉ុប កាលពីម្សិលមិញនេះ ភ្លាមៗនោះ សមាគមរោងចក្រកាត់ដេរកម្ពុជាក៏បានចេញសេចក្ដីណែនាំមួយផងដែរ ជូនដល់សមាជិក និងអ្នកបញ្ជាទិញស្ដីពីការដកផ្នែកខ្លះនៃ EBA សម្រាប់ការនាំចេញទៅអឺរ៉ុបនេះ។ តាមសេចក្ដីណែនាំនោះ បានឲ្យដឹងទៀតថា ការដក EBA នេះ គឺបានដកអត្ថប្រយោជន៍សម្រាប់បន្ទាត់ពន្ធសរុបចំនួន ៤០ បន្ទាត់ពន្ធ រួមមាន ខ្សែបន្ទាត់ពន្ធលើស្ករចំនួន ១, ខ្សែបន្ទាត់ពន្ធលើផលិតផលធ្វើដំណើរចំនួន ៥, ខ្សែបន្ទាប់ពន្ធលើផលិតផលសម្លៀកបំពាក់ចំនួន ២៥, និងខ្សែបន្ទាត់ពន្ធលើផលិតផលស្បែកជើងចំនួន៩។

 


បើតាមសហភាពអឺរ៉ុបបានបញ្ជាក់ទៀតថា ការដកយកវិញ នូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBAនេះ គឺមានប្រហែល២០% នៃផលិតផលសរុបរបស់កម្ពុជាដែលនាំទៅអឺរ៉ុប ហើយកម្ពុជានៅតែអាចនាំចេញផលិតផលទាំងនោះ ទៅអឺរ៉ុប ប៉ុន្ដែ ត្រូវបង់ពន្ធទូទៅដូចដែលមានអនុវត្តចំពោះសមាជិកផ្សេងទៀតនៃអង្គការពាណិជ្ជកម្មពិភពលោកដែរ។ នៅសល់ទំនិញកម្ពុជានាំចេញទៅអឺរ៉ុប៨០%ទៀត នឹងបន្ដទទួលបានការអនុគ្រោះ (ដោយមិនគិតពន្ធ មិនគិតកូតា) សម្រាប់នាំចេញទៅអឺរ៉ុបដដែល។ 


តាមតួលេខពីសហភាពអឺរ៉ុបបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអឺរ៉ុបនិងកម្ពុជាសម្រេចបានដល់ទៅ ជាង៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅអឺរ៉ុបប្រមាណជាង៥ពាន់លានដុល្លារ ខណៈដែលអឺរ៉ុបនាំចូលមកកម្ពុជាវិញប្រមាណ១ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅឆ្នាំ២០១៩ គឺរហូតដល់ទៅ ៩៨% ទទួលបានការអនុគ្រោះពន្ធ EBA។ អឺរ៉ុប ក៏ជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសចិនផងដែរ៕


អត្ថបទ៖ ចាន់ ភារម្យ 


 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024