ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

និយ័តករធានារ៉ាប់រងព្យាករថា វិស័យធានារ៉ាប់រងអាចនឹងកើន១០ភាគរយនៅឆ្នាំ២០២១ ខណៈឆ្នាំ២០២០ កើន ៨ភាគរយ

២០ តុលា ២០២១ | សេដ្ឋកិច្ច



អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាបានឲ្យដឹងថា បើទោះបីបច្ចុប្បន្នវិបត្តិកូវីដ ១៩ នៅបន្តរាតត្បាតក្នុងសកលលោក ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលនិងសេដ្ឋកិច្ចកម្ពុជាក៏ដោយក៏វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តរីកចម្រើនដោយរក្សាកំណើនវិជ្ជមាន៨ភាគរយនៅឆ្នាំ២០២០ និងព្យាករថានឹងកើនប្រមាណ១០ភាគរយនៅឆ្នាំ២០២១នេះ។


ថ្លែងលើកឡើងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយអំពីសារៈប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងដែលរៀបចំឡើងដោយ សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា នៅថ្ងៃនេះ ឯកឧត្តម ប៊ូ ចន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានអះអាងថា បើទោះបីជាកម្ពុជាប្រឈមទៅនឹងវិបត្តិជំងឺកូវីដ ១៩ វិស័យធានារ៉ាប់រងគឺនៅរក្សាបានកំណើនល្អជំវិញ ៨ភាគរយនៅឆ្នាំ២០២០  និងព្យាករថានឹងមានកំណើន១០ភាគរយនៅឆ្នាំ២០២១នេះ។


ការព្យាករដូច្នេះដោយផ្អែកលើសន្ទុះនៃតម្រូវការប្រើប្រាស់សេវាធានារ៉ារង គឺនៅតែបង្ហាញពីនិន្នាការកើនឡើង ដែលជាក់ស្តែងបើតាមសមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា ទោះបីវិស័យសេវាកម្មភាគច្រើននៅកម្ពុជាបានបង្ហាញពីសញ្ញាអវិជ្ជមានតាំងពីឆ្នាំ២០២០ ក៏វិស័យធានារ៉ាប់រងនៅកម្ពុជាមិនបានបង្ហាញពីការធ្លាក់ចុះទេ ជាក់ស្តែងនៅត្រីមាសទី១ ឆ្នាំ២០២១ នេះ សម្រេចប្រមូលចំណូលបានប្រមាណ ៨៥ លានដុល្លារ កើនឡើងជាង ១៦ភាគរយ ធៀបនឹងឆ្នាំ២០២០។


លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា អះអាងថា ការយល់ដឹងពីសារៈសំខាន់របស់វិស័យធានារ៉ាប់រងពីសំណាក់ក្រុមហ៊ុន និងប្រជាជនខ្មែរទូទៅ បានធ្វើឱ្យទីផ្សារមួយនេះអាចរក្សាបានកំណើននៅក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ ប៉ុន្តែយ៉ាងណាសមាគមនៅតែបន្តជំរុញផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងនេះ ទៅដល់សាធារណៈជនឲ្យកាន់តែទូលំទូលាយជាងនេះ ។


ជាមួយគ្នានេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងដែរថា ជំងឺកូវីដ ១៩ បានកំពុងតែរំលឹកឲ្យយើងឡើងវិញស្គាល់អំពីសារៈសំខាន់នៃការថែទាំសុខភាព ក៏ដូចជាការការពារខ្លួនពីហានិភ័យដែលអាចកើតឡើងផងដែរ។ 

 


លោក គា បូរាណ បន្តថា ផ្អែកតាមបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកមូលហេតុចម្បងៗដែលធ្វើឲ្យអតិថិជនជួបការខ្ស័យធន និងវិបត្តិហិរញ្ញវត្ថុគឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ និងព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ ដូច្នេះសមាគមនជឿជាក់ថា នឹងកាត់បន្ថយបានក្នុងកម្រិតអប្បរមា ប្រសិនបើអតិថិជនព្រមប្រើប្រាស់សេវាកម្មធានារ៉ាប់រងបានកាន់តែទូលំទូលាយជាងនេះ។

 


បើតាមនិយ័តករធានារ៉ាប់រង បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៣៩ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៧ ក្រុមហ៊ុនជើងសាធានារ៉ាប់រង១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង ២៦ ដែលក្នុងនោះមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ២១ ជាភ្នាក់ងារធានារ៉ាប់រង។

 


ទោះជាមានការរីកចម្រើនយ៉ាងនេះក្តី ក៏អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រមាណជាង១ភាគរយប៉ុណ្ណោះ និងដង់ស៊ីតេធានារ៉ាប់រងមានជាង ១៧ដុល្លារក្នុងមនុស្សម្នាក់ ដែលជាអត្រាមួយទាបនៅឡើយបើធៀបនឹងតំបន់ ដូច្នេះបានជាត្រូវទាមទាជំរុញការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនេះឲ្យស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលឆ្នាំ២០២១ ដល់ឆ្នាំ២០៣០៕

 

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024