ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ចំនួន ២លានដូស បានដឹកមកដល់កម្ពុជា

១៥ តុលា ២០២១ | ព័ត៌មានជាតិ


វ៉ាក់សាំងបង្ការជំងឺកូវី១៩ ចំនួន ២លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានដឹកមកដល់កម្ពុជាហើយ នៅថ្ងៃទី១៤ ខែតុលានេះ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងបម្រើដល់ការចាក់ដូសជំរុញជូនប្រជាជាពលរដ្ឋ ហើយបូករួមទាំងវ៉ាក់សាំង ដែលដឹកមកដល់នៅថ្ងៃនេះ គឺកម្ពុជាទទួលបានវ៉ាក់សាំងសរុប ជាង ៣៦លានដូសហើយ។ 

 

នៅឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងបម្រើដល់ការចាក់ដូសជំរុញជូនប្រជាជាពលរដ្ឋ ហើយវ៉ាក់សាំងនេះ នឹងជួយរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់នៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលតានៅក្នុងសហគមន៍នៅកម្ពុជា។

 


លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿនដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ខណៈបច្ចុប្បន្ននេះករណីឆ្លងដែលមានប្រមាណជិត៣០០នាក់ក្នុង១ថ្ងៃៗនេះ អ្នកបានចាក់វ៉ាក់សាំងមានកម្រិតស្រាលៗ និងបានធ្វើការព្យាបាលនៅតាមផ្ទះ។

 


សូមជម្រាបថា ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១ នេះមក ដើម្បីឆ្លើយតបសំណើររបស់ភាគីកម្ពុជា ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងនិងសម្ភារៈទប់ស្កាត់ជំងឺវីរុសដល់ភាគីកម្ពុជា ជួយសម្របសម្រួលដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ១៩ ។

 


ដោយឡែក គិតបូកទាំងវ៉ាក់សាំងដែលមកដល់ថ្ងៃនេះ កម្ពុជា មានវ៉ាក់សាំងសរុបចំនួនជាង ៣៦លានដូស ក្នុងនោះមានទាំងវ៉ាក់សាំងជាជំនួយឥតសំណង និងជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា៕
 

 

 

 

អត្ថបទ៖ សន រដ្ឋា   រូបភាព៖ ញិល សុជា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024