ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
អ្នកដែលកំពុងមានតម្រូវការការងារធ្វើ អាចត្រៀម CV ឱ្យហើយ ខណៈស្អែកនេះ ពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព នឹងធ្វើឡើងនៅអាគារ KAMPUS ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនធំៗចំនួន ២០ នឹងនាំយកឱកាសការងារជាង ៥ពាន់កន្លែង។ ក្រៅពីឱកាសការងារ អ្នកចូលរួម ក៏អាចទទួលបានចំណេះដឹង និងការប្រឹក្សាយោបល់ពាក់ព័ន្ធជាមួយឱកាសការងារនីមួយៗផងដែរ។
ថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គុទ្ទសក៍អាជីព នឹងត្រូវធ្វើឡើងជាមួយឱកាសការងារជាង ៥ពាន់កន្លែងពីក្រុមហ៊ុនធំៗចំនួន ២០។ ពិព័រណ៌នេះ ធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩ និង១០ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍ការងារដ៏ធំនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។
យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗ ជាច្រើន ដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួមក៏អាចទទួលបានគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងដែលមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ។
ព្រឹត្តិការណ៍ពិព័រណ៍ការងារ និងមគ្គុទេសអាជីពនេះ នឹងផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។
ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ផងដែរ។ យុវជនដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ឯកសារ