ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

នគរបាលចរាចរណ៍៖ អ្នកប្រើប្រាស់មធ្យោបាយទោចក្រយានយន្ត នៅតែមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងយានយន្តដទៃ

០៩ ឧសភា ២០២៤ | ព័ត៌មានជាតិ


ប៉ូលិសចរាចរណ៍ បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងក្នុងចំណោមអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ ដែលនៅតែមានអត្រាគ្រោះថ្នាក់ខ្ពស់។ ក្នុងនោះ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំមុន បញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ មាន ៨០ភាគរយ ជាអ្នកជិះម៉ូតូ។នាពីធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី បច្ចេកទេសក្នុងការបើកបរ ទោចក្រយានយន្ត(ម៉ូតូ)ដោយសុវត្ថិភាព កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក គាំ សារឿន អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងថា ការគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺក្នុងចំណោម អ្នកជិះទោចក្រយានយន្ត(ម៉ូតូ)នៅតែមានអត្រាគ្រោះថ្នាក់ខ្ពស់។ 

 


ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្តែងបើយោងតាមរបាយការណ៍ អនុគណៈកម្មការទី២នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា  ក្នុងឆ្នាំ២០២៣ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% ក្នុងនេះ មិនពាក់មួកសុវត្ថិភាពចំនួន៦៩% ។ ឯកឧត្តមបានបន្ថែមថា មូលហេតុចម្បងដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ ព្រមទាំង កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ ។

 

 

នៅក្នុងនោះ កត្តាមនុស្ស គឺបើកបរហួសល្បឿនកំណត់, 2/ បើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ,បើកបរមិនគោរពសិទ្ធិអាទិភាពនិង សិទ្ធិគ្នាទៅវិញ ទៅមក, បើកជែងដោយខ្វះការប្រុងប្រយ័ត្ន, មិនគោរពសញ្ញាចរាចរណ៍, បត់ឆ្វេង . បត់ស្តាំ ឬ បត់ត្រឡប់ក្រោយដោយគ្មានការប្រុងប្រយ័ត្ន។ចំណែក កត្តាយានយន្ត ៖ ចំណុចសុវត្ថិភាពយានយន្តមាន បួនសំខាន់ៗគឺៈ ហ្វាំង ចង្កូត កង់និងភ្លើងបំភ្លឺ  និង កត្តាផ្លូវ៖ ដូចជាផ្លូវកោងខ្លាំង ផ្លូវរួមតូច ផ្លូវសំបុកមាន់ ផ្លូវដែលគ្មានបរិក្ខាសុវត្ថិភាពគ្រប់គ្រាន់ ដូចជាផ្លូវគ្មានផ្លាកសញ្ញា គំនូសសញ្ញា រនាំងសុវត្តិភាព ឬរឆាំងបែងបែកទ្រូងផ្លូវ ។ 

 


ហេតុដូច្នេះហើយលោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី បាននិយាយថា ការបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី បច្ចេកទេសក្នុងការបើកបរ ទោចក្រយានយន្ត(ម៉ូតូ)ដោយសុវត្ថិភាព មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ចំណេះដឹងអំពីការបើកបរទោចក្រយានយន្តដោយសុវត្ថិភាព ផ្ដល់ជំនាញការបើកបរ និងវីធី សាស្ត្រក្នុងការចែករំលែក និងបង្រៀនបន្ត។

 


លោកបានបន្ថែមថា វាក៏នឹងបង្កើនការយល់ដឹង អាកប្បកិរិយា និងឥរិយាបថ ក្នុងការបើកបរប្រកបដោយការទទួលខុសត្រូវ និងបង្កើនផែនការ ដើម្បីអនុវត្តការបង្រៀនបន្តដល់ក្រុម ប្រកបដោយប្រសិទ្ធភាពផងដែរ ។ យោងតាមរបាយការណ៍ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប ៣,៣១៧លើក បណ្តាលឲ្យ ស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។

 

 

ក្នុងនោះ មូល ហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់ ៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយានយន្ត៥% ស្រវឹង៣% ភ្លើង/សញ្ញា១% សុខភាពងងុយ១% និង កត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)។ គ្រោះថ្នាក់បានកើតឡើងចើននៅរាជ ធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។

 


ដោយឡែក តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយាន យន្ដល្មើសច្បាប់ សរុបចំនួន ៧៤,៩៣៧ គ្រឿង (៧៥,០៥៤ករណី) ដែលក្នុងនោះរួមមាន៖ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៦២,៥២៩គ្រឿង (៦២,៥៣០ករណី) ស្មើ៨៣% (មិនពាក់ មួកសុវត្ថិភាព៨៩% ភ្លើង/ផ្លាក៦% ស្រវឹង២% គ្មានផ្លាកលេខសម្គាល់២% និងកែច្នៃ១%) ៕
 

 

 

 

អត្ថបទ៖ ហំ ផានិត  រូបភាព៖ ហ៊ុន សុជាតា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024