ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ល្បីដល់ពិភពលោក! យុវជនខ្មែរច្នៃយន្តហោះដ្រូនយ៉ាងពិសេសសម្រាប់ជិះពេលស្ទះចរាចរណ៍ និងពន្លត់អគ្គិភ័យ

២២ កញ្ញា ២០២១ | កម្សាន្ដ

 

ស្នាដៃគំរូយន្តហោះដ្រូន សម្រាប់ជិះពេលស្ទះចរាចរណ៍ និងពន្លត់អគ្គិភ័យរបស់និស្សិតកម្ពុជាមួយក្រុម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សារព័ត៌មានអន្តរជាតិជាច្រើន។

 


ស្នាដៃយន្តហោះដ្រូនដឹកមនុស្សដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយសិស្សនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាហៅកាត់ថា NPIC ត្រូវបានចុះផ្សាយព្រោងព្រាតលើសារព័ត៌មានបរទេស តួយ៉ាងដូចជាសារព័ត៌មាន Reuters សារព័ត៌មាន Sky News និងសារព័ត៌មានថៃ TNN ជាដើម។

 

 

យន្តហោះដ្រូនដែលក្រុមអ្នកបង្កើតបានដាក់ឈ្មោះឲ្យថាជា "NPIC Human Carrier Drone"។ ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ និងសាកល្បងដំបូង យន្តហោះនេះមានស្លាបកង្ហារចំនួន ៨ អាគុយចំនួន៤គ្រាប់ ដោយអាចទ្រាំទ្រទម្ងន់បាន៦០គីឡូក្រាម និងអាចហោះកម្ពស់៤ម៉ែត្រ បានរយៈពេល១០នាទី។

 

 

និស្សិតឈ្មោះ ឡុង វ៉ាន់សិទ្ធិ បាននិយាយថាគោលបំណងរបស់ក្រុមខ្លួនគឺចង់ដោះស្រាយបញ្ហាមួយចំនួនសម្រាប់សង្គមតាមរយៈការបង្កើតយន្តហោះដ្រូនតាក់ស៊ី និងសម្រាប់ពន្លត់អគ្គិភ័យ ដោយពួកគេសង្ឃឹមថាថ្ងៃមួយយន្តហោះដ្រូននេះនឹងអាចហោះឡើងដល់ជាន់ខ្ពស់ៗនៃអគារដោយកាន់ទុយោទឹកទៅពន្លត់អគ្គិភ័យនៅទីតាំងដែលរថយន្តពន្លត់អគ្គិភ័យមិនអាចឈោងដល់។

 

 

គំរូយន្តហោះដ្រូននេះបានចំណាយទឹកប្រាក់អស់ប្រមាណ ២ម៉ឺនដុល្លារក្នុងការបង្កើតឡើង និងចំណាយពេលអស់៣ឆ្នាំ ហើយក្រុមអ្នកផលិតក្មេងៗនិយាយវានឹងត្រូវការពេលយ៉ាងហោចណាស់២ឆ្នាំទៀត ដើម្បីផលិតរួចរាល់ និងសាកល្បងបានគ្រប់ជ្រុងជ្រោយ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024