ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកដឹកនាំរឿង 'Oppenheimer' ត្រៀមទទួលគ្រឿងឥស្សរិយយសក្រោយឈ្នះពានអូស្កា

២៩ មីនា ២០២៤ | កម្សាន្ដ

 

ផលិតករភាពយន្ត Christopher Nolan ដែលទើបតែទទួលបានជោគជ័យដ៏ធំក្នុងកម្មវិធីពានរង្វាន់អូស្ការសម្រាប់ភាពយន្តបែបប្រវត្តិសាស្ត្រ "Oppenheimer" នឹងទទួលបានគ្រឿងឥស្សរិយយសពីចក្រភពអង់គ្លេសសម្រាប់ស្នាដៃនាំមុខក្នុងវិស័យភាពយន្ត។

 


ផ្អែកតាមការប្រកាសពីរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃទី២៨ ខែមីនា ផលិតករភាពយន្ត Christopher Nolan (គ្រីស្តុហ្វើ ណូឡាន) និងភរិយា Emma Thomas (អេម៉ា ថូម៉ាស) ដែលបានរួមគ្នាផលិតភាពយន្ត "Oppenheimer" (អូផេនហាយមើ) នឹងទទួលបានគ្រឿងឥស្សរិយយស ព្រមជាមួយឥស្សរជនឆ្នើមក្នុងវិស័យផ្សេងៗទៀតពីនាយករដ្ឋមន្ត្រី Rishi Sunak (រ៊ីស៊ី ស៊ូណាក)។

 


"Oppenheimer" (អូផេនហាយមើ) ដែលជាភាពយន្តបែបប្រវត្តិសាស្ត្រនិយាយអំពីការបង្កើតគ្រាប់បែកបរមាណូដំបូង បានឈ្នះពានរង្វាន់អូស្កាចំនួនប្រាំពីរកាលពីដើមខែមីនានេះ រួមទាំងពានរង្វាន់ភាពយន្តល្អបំផុត និងពានរង្វាន់អ្នកដឹកនាំល្អបំផុត។ ស្នាដៃលេចធ្លោកន្លងមករបស់លោក Nolan រួមមានភាពយន្តល្បីៗផ្សេងទៀតដូចជា "Interstellar" (អ៊ិនធើស្តេឡា), "Inception" (អ៊ិនសឹបសិន), "Dunkirk" (ដាំងឃើក) និងស៊េរីរឿង “Batman” ជាដើម។

 


ក្នុងចំណោមអ្នកដទៃទៀតដែលទទួលបានគ្រឿងឥស្សរិយយសលើកនេះដែរ រួមមានលោក Demis Hassabis (ដេមីស ហាសាប៊ីស) នាយកប្រតិបត្តិក្រុមហ៊ុន DeepMind របស់ Google ព្រមទាំងអ្នកមកពីវិស័យបញ្ញាសិប្បនិមិត្ត AI មួយចំនួនទៀត។

 

 

សហនាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Ted Sarandos (ថេត សារ៉ានដស) ក៏បានទទួលរង្វាន់កិត្តិយសដែរសម្រាប់ការបម្រើដល់ឧស្សាហកម្មច្នៃប្រឌិត ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024