ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ម៉ាកសម្លៀកបំពាក់ប្រណិតដ៏ល្បីរបស់បារាំង Louis Vuitton បានរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំនៅទីក្រុងសៀងហៃ ដោយមានវត្តមានតារាល្បីៗអន្តរជាតិជាច្រើនរូបចូលរួម។
ភ្ញៀវកិត្តិយសជាង ១ពាន់នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ "Voyager” (វ៉ូយ៉ាហ្កឺ) រៀបចំឡើងដោយម៉ាក Louis Vuitton (ល្វីស វីតុន) កាលពីពេលថ្មីៗ ដោយក្នុងនោះក៏មានវត្តមានតារាល្បីៗអន្តរជាតិជាច្រើនដូចជាតារាសម្ដែងល្បីហូលីវូដ Cate Blanchett (ខេត ប្លេនឆេត) តារាសម្ដែងចិន Zhou Dongyu (ចូវ តុងយ៉ូ) និងតារាចម្រៀង Jackson Wang (ជេកសុន វ៉ាង) ជាដើម។
រៀបចំឡើងនៅលើទឹកដីដែលជាទីផ្សារធំមួយសម្រាប់ហ្វេសិនបែបប្រណិត កម្មវិធីនេះបានបង្ហាញម៉ូដសម្លៀកបំពាក់ត្រៀមសម្រាប់រដូវស្លឹកឈើជ្រុះ ដោយមានទាំងខោអាវ រ៉ូប និងកាបូបម៉ូដថ្មីៗ ដែលជាស្នាដៃរបស់នាយកច្នៃម៉ូដផ្នែកសម្លៀកបំពាក់នារីរបស់ Louis Vuitton គឺលោក Nicolas Ghesquière (នីកូឡាស ហ្កេសឆេ)។
សម្រាប់ប្រេន Louis Vuitton ដែលជាប្រេនធំជាងគេរបស់ក្រុមហ៊ុន LVMH ប្រទេសចិនគឺនៅតែជាទីផ្សារសំខាន់បំផុតមួយលើពិភពលោករបស់ពួកគេ បើទោះជាស្ថិតក្នុងកាលៈទេសៈដែលកំណើនសេដ្ឋកិច្ច និងចំនួនអ្នកប្រើប្រាស់មានការថយចុះជាងមុនក៏ដោយ។
ក្រុមហ៊ុន LVMH បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះថា តួលេខនៃការលក់ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ របស់ខ្លួនមានការកើនឡើង ៣% ជុំវិញពិភពលោក ប៉ុន្តែក្នុងនោះការបញ្ជាទិញពីអតិថិជនជាជនជាតិចិនមានការកើនឡើងរហូតដល់ ១០%។
កាលពីឆ្នាំមុន ផ្នែកសម្លៀកបំពាក់បុរសរបស់ Louis Vuitton ដែលដឹកនាំដោយអ្នកច្នៃម៉ូដ និងតារាចម្រៀង Pharell Williams (ផារេល វីលៀម) ក៏បានរៀបចំកម្មវិធីបង្ហាញម៉ូដខ្នាតធំមួយដែរនៅទីក្រុងហុងកុង ៕
ប្រែសម្រួល៖ វ៉ាន់ថន