ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋហ៊ីរ៉ូស៊ីម៉ាបង្ហាញអារម្មណ៍ពិតខណៈភាពយន្ត Oppenheimer ចាក់បញ្ចាំងនៅជប៉ុន

០១ មេសា ២០២៤ | កម្សាន្ដ

 

ប្រជាពលរដ្ឋនៅទីក្រុង Hiroshima (ហ៊ីរ៉ូស៊ីម៉ា) បានបង្ហាញអារម្មណ៍ផ្សេងៗគ្នាខណៈភាពយន្តនិយាយពីការផលិតគ្រាប់បែកបរមាណូ “Oppenheimer” ចាក់បញ្ចាំងនៅជប៉ុន។

 

 


ខ្សែភាពយន្ត "Openheimer" (អូផេនហាយមើ) ដែលទើបទទួលបានពានរង្វាន់អូស្ការ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី២៩ ខែមីនា។ ភាពយន្តប្រវត្តិសាស្ត្រមានរយៈពេល ៣ ម៉ោងដែលនិយាយអំពីការកសាងគ្រាប់បែកបរមាណូដំបូងបង្អស់របស់ពិភពលោកមួយនេះ បានឈ្នះពានរង្វាន់អូស្ការចំនួន ៧ រួមទាំងពានរង្វាន់ធំ “ភាពយន្តល្អបំផុត”។

 

 


គ្រាន់តែឮថារឿងនេះចាប់ផ្ដើមចាក់បញ្ចាំង ពលរដ្ឋនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា អ្នកស្រី Kanagae (កាណាកេ) ដែលមានវ័យ ៦៥ ឆ្នាំបានប្រញាប់ទៅទស្សនាភ្លាមៗ និងបានបញ្ចេញចំណាប់អារម្មណ៍ថា ភាពយន្តនេះគឺមានតម្លៃគ្រប់គ្រាន់ក្នុងការទស្សនា ប៉ុន្តែអ្នកស្រីមានអារម្មណ៍ខកចិត្តចំពោះសាច់រឿងនៅចុងបញ្ចប់ និងការដែលពួកគេមិនបាននិយាយពីជនរងគ្រោះដោយសារការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា។

 

 


យុវជនដែលជាអ្នករស់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាម្នាក់ទៀតបាននិយាយថា លោកគឺជាអ្នកគាំទ្ររបស់អ្នកដឹកនាំរឿង Christopher Nolan (គ្រីស្តូហ្វើ ណូឡាន) ប៉ុន្តែលោកមិនគិតថាភាពយន្តនេះនឹងទទួលបានការគាំទ្រនៅក្នុងប្រទេសជប៉ុននោះទេ។

 

 

 

លោកថា ខណៈភាពយន្តហាក់បង្ហាញពីសមត្ថភាពអស្ចារ្យរបស់គ្រាប់បែកបរមាណូ ប៉ុន្តែសម្រាប់អ្នកហ៊ីរ៉ូស៊ីម៉ា វាពិតជាពិបាកទស្សនា។គួរបញ្ជាក់ថា ជប៉ុនគឺជាប្រទេសតែមួយគត់ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ ដែលបានឆក់យកជីវិតមនុស្សជាង ២ សែននាក់ក្នុងឆ្នាំ ១៩៤៥ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024