ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

វ៉ាក់សាំង Johnson & Johnson ជាង ១លានដូស ជាជំនួយរបស់អាមេរិក បានមកដល់កម្ពុជា

៣០ កក្កដា ២០២១ | ព័ត៌មានជាតិ

វ៉ាក់សាំងម៉ាក Johnson & Johnson ១ លាន ៦០ ម៉ឺន ដូស ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល អាម៉េរិក ចំពោះប្រទេស កម្ពុជា បានមកដល់ កម្ពុជា ហើយ នៅព្រឹកថ្ងៃទី ៣០ ខែ កក្កដា នេះ ហើយស្ថានទូត អាម៉េរិក ប្រចាំនៅ កម្ពុជា បានអះអាងថា វ៉ាក់សាំងម៉ាក Johnson & Johnson មួយចំនួនទៀត ដែលជាជំនួយរបស់ អាម៉េរិក ដែរ នឹងមកដល់ប្រទេស កម្ពុជា នៅដើមខែ សីហាង ខាងមុខនេះ ។

ដូចដែលបានគ្រោងទុក វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ម៉ាក Johnson & Johnson ចំនួន ១ លាន៦០ ម៉ឺន និង ១០០ ដូស ដែលជាជំនួយរបស់ រដ្ឋាភិបាល សហរដ្ឋ អាម៉េរិក ត្រូវបានដឹកតាមជើងយន្តហោះមកដល់ប្រទេស កម្ពុជា ហើយ នៅព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ នេះ ។

 


ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋ អាម៉េរិក ប្រចាំ នៅប្រទេស កម្ពុជា បានមានប្រសាសន៍ថា សហរដ្ឋ អាម៉េរិក មានមោទកភាព ក្នុងការចូលរួមចំណែកជួយប្រជាជន កម្ពុជា ឱ្យមានសុខភាពល្អ និង មានសេដ្ឋកិច្ចល្អទៅថ្ងៃអនាគត តាមរយៈជំនួយវ៉ាក់សាំងទាំងនេះ ហើយតាមរយៈការផ្តល់វ៉ាក់សាំងនេះ គឺជាការបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ សហរដ្ឋ អាម៉េរិក ចំពោះសុខភាពសាធារណៈ នៃ ប្រជាជន កម្ពុជា ។


ម្យ៉ាងទៀត បើតាមស្ថានទូត អាម៉េរិក ប្រចាំនៅ កម្ពុជា បានអះអាងថា វ៉ាក់សាំង មួយចំនួនទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល សហរដ្ឋ អាម៉េរិក ចំពោះប្រទេស កម្ពុជា ដែរ នឹងត្រូវបានដឹកមកដល់ប្រទេស កម្ពុជា នៅថ្ងៃទី ២ ខែ សីហា ខានស្អែកមួយខាងមុខនេះ ។

 


វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ម៉ាក Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយលើក នេះ ត្រូវបាន រដ្ឋាភិបាល សហរដ្ឋ អាម៉េរិក ផ្តល់មកប្រទេស កម្ពុជា តាមរយៈយន្តការកូវ៉ាក់ និង ក្រោមភាពជាដៃគូជាមួយអង្គការ យូនីសេហ្វ និង អង្គការសុខភាពពិភពលោក WHO ។


គប្បីរំឭកថា តាំងពីជំងឺកូវីដ-១៩ ចាប់ផ្តើមរាតត្បាតមក រដ្ឋាភិបាល សហរដ្ឋ អាម៉េរិក បានផ្តល់ជំនួយមកដល់ប្រទេស កម្ពុជា ជាសម្ភារ និង បច្ចេកទេសសំខាន់ៗ ដូចជាតាមរយៈមន្ទីរពិសោធន៍ និង ពង្រឹងជំនាញក្រុមគ្រូពេទ្យជាដើម គិតជាទឹកប្រាក់ប្រមាណជា ១១ លានដុល្លារ ។

 


ទីភ្នាក់ងាររបស់ សហរដ្ឋ អាម៉េរិក ដទៃទៀតប្រចាំនៅ កម្ពុជា ដូចជាមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង  វិទ្យាស្ថានជាតិសុខភាព  កងទ័ពជើងទឹក និង ក្រសួងការបរទេស អាម៉េរិក បានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ ដល់ កម្ពុជា ដូចជាគាំទ្រដល់ការអង្កេត តាមដានរកអ្នកពាក់ព័ន្ធ បង្កើនសមត្ថភាព និង ស្រាវជ្រាវរកប្រភព ដើម្បី ទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ-១៩ ជាដើម ។
ក៏សូមជម្រាបជូនផងដែរថា គិតចាប់ពីឆ្នាំ ១៩៩២ មក សហរដ្ឋ អាម៉េរិក បានផ្តល់ជំនួយដល់ កម្ពុជា គិតជាទឹកប្រាក់សរុបប្រមាណជា ៣៧៧ លានដុល្លារ អាម៉េរិក ទៅលើការងារផ្នែកកាត់បន្ថយមរណភាពមាតា និង ទារក ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺអេដស៍ អនាម័យ និង អាហារូបត្ថម្ភជាដើម ៕

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024