ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ ក្រើនរំលឹកអោយពលរដ្ឋ ប្រញាប់ទៅចាក់វ៉ាក់សាំងកូវីដ១៩ អោយបានទាន់ពេលវេលា

០៨ កញ្ញា ២០២១ | ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងដោយ ក្រើនរំលឹកដល់ពលរដ្ឋដែលមានអាយុចាប់ពី១២ ឡើងទៅ អោយរួសរាន់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា។ ការក្រើនរំលឹក របស់អាជ្ញាធររាជធានីភ្នំពេញនេះ ដើម្បីជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ “ជុំទី១ និងបន្តគោលនយោបាយចាក់វាំកំសាំងកូវីដ-១៩ "ដូសជំរុញ" ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ សំដៅបង្កើតឱ្យបានភាពស៊ាំក្នុងសហគមន៍ ដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅបើកដំណើរការឡើងវិញលើគ្រប់វិស័យនាពេលឆាប់ៗខាងមុខនេះ ។ 

 


អាជ្ញាធររាជធានីភ្នំពេញ បានបន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងកុមារ និងយុវជនមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ដែលបានចាក់វ៉ាក់សាំងដូសទី១ រួចរាល់ ត្រូវរួសរាន់មកចាក់ដូសទី២ រៀងរាល់ម៉ោង៨ព្រឹកដល់ម៉ោង ៥ រសៀល តាមកាលបរិច្ឆេទដែលបានកំណត់ ក្នុងបណ្ណចាក់វាក់សាំង នៅតាមទីតាំងដែលមកចាក់ដូសទី១ នាពេលកន្លងមក។


សម្រាប់ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវជនមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ អាជ្ញាធររាជធានីភ្នំពេញ ក៏បានណែនាំអោយរួសរាន់មកចាក់នៅរៀងរាល់ម៉ោង៨ព្រឹក ដល់ម៉ោង៥រសៀល នៅតាមមន្ទីរពេទ្យបង្អែកចំនួន៨កន្លែង។ 

 


មន្ទីរពេទ្យបង្អែកទាំង៨កន្លែង រួមមាន មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង មន្ទីរពេទ្យបង្អែកព្រែកព្នៅ និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។ 


ដោយយឡែក ចំពោះប្រជាពលរដ្ឋដែលជាស្វាមី ឬ ភរិយា របស់មន្ត្រីបម្រើសេវាសាធារណៈ ជួរមុខនៃរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងកូវីសែល  ដូសទី១ និងដូសទី២ រួចរាល់ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាដូសទី៣ ឱ្យបានទាន់ពេលវេលា ទៅតាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូន ។ 

 


គួរបញ្ជាក់ថា ការក្រើនរំលឹកដល់ពលរដ្ឋ អោយរួសរាន់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា របស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងដើម្បីជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ “ជុំទី១ និងអនុវត្តបន្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ "ដូសជំរុញ" ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ សំដៅបង្កើតឱ្យបានភាពស៊ាំក្នុងសហគមន៍ ដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅបើកដំណើរការឡើងវិញលើគ្រប់វិស័យនាពេលឆាប់ៗខាងមុខនេះ ៕


អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024