ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទកើនឡើងខ្លាំង ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២១

២៩ កក្កដា ២០២១ | ព័ត៌មានជាតិ

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១នេះ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ នៅកម្ពុជា បានកើនឡើងខ្លាំង។ ពោលគឺកើនឡើង រហូតដល់ជាង ១៥០ករណីឯណោះ បើធៀបនឹងឆ្នាំកន្លងទៅ។ នេះបើតាមសម្ដេចក្រឡាហោម ស ខេង បញ្ជាក់ក្នុងសំណេរបង្ហោះលើទំព័រហ្វេសប៊ុក។

 


នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៩៨ កើនឡើងចំនួន ១៣៥ករណី ធៀបនឹងរយៈពេល៦ខែដើមឆ្នាំ២០២០។ 


ក្នុងសំណេរបង្ហោះជូនជនរួមជាតិកាលពីព្រលប់ថ្ងៃចន្ទម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអះអាងក្នុងករណីបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន២៩១នាក់ និងបានសង្រ្គោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមានៈ អាយុក្រោម១៥ឆ្នាំ ៨៨នាក់ អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើង ៥៧០នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦នាក់។ 

 


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នងនាមក្រសួងមហាផ្ទៃ និងក្នងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ សម្ដេចក្រឡាហោមបានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះឱ្យ គ.ជ.ប.ជ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ដ៏គ្រោះថ្នាក់ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវភារកិច្ចបំរើជាតិ និងប្រជាជន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ 

 


សម្ដេចក៏បានអំពាវនាវប្រជាណលរដ្ឋបន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះនៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024