ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា បង្ហាញឆន្ទៈប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសំដៅរំដោះជនរងគ្រោះដោយសារការជួញដូរ

០១ កញ្ញា ២០២០ | ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបើកកិច្ចប្រជុំពង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ មានឆន្ទៈច្បាស់លាស់ ស្មារតីប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សំដៅរំដោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការជួញដូរ បើទោះបីជាកម្រិតនៃការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់ថាកម្ពុជាប្រឹងប្រែងតិចតួច ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សយ៉ាងណាក៏ដោយ ។

 


ទោះកម្រិតនៃការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់ថាកម្ពុជាប្រឹងប្រែងតិចតួច ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សយ៉ាងណាក៏ដោយ ក៏កងកម្លាំងអ្នកអនុវត្តច្បាប់និង រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈច្បាស់លាស់ ស្មារតីប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សំដៅរំដោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការជួញដូរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងកិច្ចប្រជុំស្ដីពី ការង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣១ សីហានេះ។

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចាត់ទុកការវាយតម្លៃរបស់សហរដ្ឋអាមេរិកដែលថា កម្ពុជាប្រឹងប្រែងតិចតួច ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងផ្ដល់ចំណាត់ថ្នាក់លេខ២ឲ្យនោះ គឺជាការវាយតម្លៃដែលគ្មានតម្លាភាព និងមិនត្រឹមត្រូវ ហើយមកប្រមូលព័ត៌មានដោយមិនបានសហការជាមួយ ស្ថាប័នជំនាញ។  


គួរជម្រាបជូនថា យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ទូទាំងប្រទេស បានបង្ហាញថា លទ្ធផល នៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មានភាពល្អប្រសើរជាងមុន នៅឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។

 


ដោយឡែក ការបង្ក្រាបនិងសង្គ្រោះជនរងគ្រោះ របស់អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបានចំនួន១៦៩ មានការកើនឡើង ៣៥ករណី ស្មើនឹងជាង២៦ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ ៕

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024