ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

នៅសល់ ០៩ថ្ងៃទៀត សម្រាប់អ្នកនិពន្ធដាក់ស្នាដៃប្រកួតប្រជែងពានឥន្ទ្រទេវី

២១ មិថុនា ២០២១ | ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី២១ ខែមិថុនានេះ ឱកាសសម្រាប់អ្នកតែងនិពន្ធ ដែលមានបំណងចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២១ នៅសល់ពេល ០៩ថ្ងៃទៀត ហេតុនេះមន្ត្រីទទួលបន្ទុក បានក្រើនរំឭកដល់អ្នកនិពន្ធទាំងអស់ ស្រូតរូតរះដាក់ស្នាដៃរបស់ខ្លួន ចូលរួមប្រកួតឱ្យបានមុនថ្ងៃកំណត់ ។

 


សូមអ្នកនិពន្ធទាំងអស់ដែលមានបំណងចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២១ មេត្តារូតរះបញ្ជូនស្នាដៃរបស់ខ្លួន ព្រោះកាលបរិច្ឆេទ នៃ ការឈប់ទទួលស្នាដៃ នៅសល់តែរយៈពេល ១២ ថ្ងៃទៀតប៉ុណ្ណោះ ។ នេះគឺជាការផ្ញើសារក្រើនរំឭករបស់លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និង ការអាន នៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នាឱកាសផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ PNN នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ នេះ ។

 


សូមជម្រាបថា កាលឆ្នាំ ២០២០ ក្នុងរយៈពេល ២ សប្តាហ៍មុនកាលកំណត់ នៃ ការបិទឈប់ទទួលស្នាដៃនោះ មានត្រឹមតែ ៤៦ ស្នាដៃប៉ុណ្ណោះដែលបានដាក់ចូលរួមប្រកួត  ចំណែកឆ្នាំ ២០២១ នេះ ទទួលបានជិត ១០០ ស្នាដៃហើយ សម្រាប់រយៈពេល ២ សប្តាហ៍ដូចគ្នាមុនពេលបិទ នៃ ការទទួលស្នាដៃ ចំនួននេះ គឺស្នាដៃបានកើនឡើងប្រមាណជា ៦៧ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៃ ឆ្នាំ ២០២០ កន្លងទៅ ដែលប្រការនេះបានសេចក្តីថា កូវីដ-១៩ មិនត្រឹមតែមិនបានបន្ទច់បង្អាក់វិស័យតែងនិពន្ធប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យវិស័យតែងនិពន្ធមានសម្ទុះកាន់តែខ្លាំងក្លាថែមទៀតផង ។ 

 


ចំពោះអ្នកដៃលបានដាក់ស្នាដៃចូលរួមប្រកួតប្រជែងឆ្នាំនេះ គិតត្រឹមថ្ងៃទី ១៨ ខែ មិថុនា នេះ មានទាំងអ្នកនិពន្ធរៀមច្បង ទាំងអ្នកនិពន្ធជំនាន់ថ្មី មកពីរាជធានីខេត្តនានាទូទាំងប្រទេស ហើយក៏មានទាំងអ្នកនិពន្ធនៅក្រៅប្រទេស បានដាក់ស្នាដៃចូលរួមប្រកួតប្រជែងដែរ គឺមានដូចជាអ្នកនិពន្ធនៅប្រទេស បារាំង និង សហរដ្ឋ អាមេរិក ជាដើម ហើយប្រការគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺក៏មាននិពន្ធនៅ កម្ពុជា ក្រោម បានផ្ញើស្នាដៃរបស់ខ្លួនមកចូលរួមប្រកួតប្រជែងដែរ ។ នេះបើតាមការឱ្យដឹងរបស់លោក កុក រស់ ដដែល ។

 


ជាការកត់សម្គាល់ រយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ចំនួនស្នាដៃតែងនិពន្ធដែលបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី បានកើនឡើងជារៀងរាល់ឆ្នាំ គឺឆ្នាំ ២០១៨ មាន ៦៨ ស្នាដៃ , ឆ្នាំ ២០១៩ មាន ៩១ ស្នាដៃ ចំណែកឆ្នាំ ២០២០ មាន ១៦៦ ស្នាដៃ ខណៈចំនួនស្នាដៃនៅឆ្នាំ ២០២១ នេះ ត្រូវរង់ចាំរយៈពេល ១២ ថ្ងៃទៀត ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024