ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១

ស្នាដៃប្រកួតប្រជែងពានរង្វាន់ឥន្ទ្រទេវី ២០២០ បំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ

២២ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ជំងឺកូវីដ ១៩ បានរំខានដល់វិស័យនានាស្ទើរតែគ្មានរើសមុខ ប៉ុន្តែកូវីដ ១៩ មិនត្រឹមតែមិនអាចរំខានដល់អ្នកនិពន្ធក្នុងការចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ប៉ុណ្ណោះទេ ហើយមន្ត្រីទទួលបន្ទុកថែមទាំងអះអាងថាស្នាដៃចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២០ បានបំបែកកំណត់ត្រា នៃ បណ្តាឆ្នាំនានាទៀតផង ។

 


ជំងឺកូវដី ១៩ មិនត្រឹមតែមិនអាចបន្ទច់បង្អាក់ដល់ការចូលរួមប្រកួតប្រជែងរបស់អ្នកនិពន្ធនៅក្នុងការដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២០ ប៉ុណ្ណោះទេ ប៉ុន្តែឆ្នាំ ២០២០ គឺជាឆ្នាំដែលមានលក្ខណៈពិសេសពិសាលជាងបណ្តាឆ្នាំណាៗទាំងអស់ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ។ ពិសេសពិសាល ដោយហេតុថា ចំនួនស្នាដៃដែលត្រូវបានដាក់ចូលចួរមប្រកួតមានចំនួនជាង ១៦០ ស្នាដៃ ហើយមានទាំងអ្នកនិពន្ធរៀមច្បង ទាំងអ្នកនិពន្ធជំនាន់ថ្មី មកពីទាំងគ្រប់បណ្តារាជធានីខេត្តក្រុងនានានៅទូទាំងប្រទេស ។ នេះគឺជាការលើកឡើងរបស់លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និង ការអាន នៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅក្នុងពិធីប្រកាស និង ប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី នាព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ។

 


ទោះយ៉ាងណា លោក កុក រស់ ទទួលស្គាល់ថា សម្រាប់ទឹកដៃផ្នែកកំណាព្យ ដែលត្រូវបានដាក់ចូលរួមប្រកួតប្រជែងនាឆ្នាំ ២០២០ បានធ្លាក់ចុះបន្តិច បើធៀបទៅនឹងបណ្តាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាលទ្ធផល ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២០ ពុំបានរកឃើញជ័យលាភីចំណាត់ថ្នាក់លេខ ១ និង លេខ ២ ផ្នែកកំណាព្យឡើយ គឺរកបានត្រឹមតែម្ចាស់ស្នាដៃកិត្តិយស និង ជ័យលាភីលេខ ៣ , លេខ ៤ និង លេខ ៥ ប៉ុណ្ណោះ ។

 


ជាការកត់សម្គាល់ ការតែងនិពន្ធនៅប្រទេស កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បើទោះបីជាមិនទាន់ឈានដល់កម្រិតដែលអ្នកពាក់ព័ន្ធចង់បាននៅឡើយក្តី ប៉ុន្តែវិស័យតែងនិពន្ធនេះ មានសម្ទុះខ្លាំងគួរឱ្យកត់សម្គាល់ ហើយសម្ទុះខ្លាំងនោះ មិនមែនតែនៅក្នុងក្របខណ្ឌពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឡើយ គឺដោយរួមទាំងការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ផ្សេងៗទៀត ក៏ដូចជាការបោះពុម្ពផ្សាយសៀវភៅ និង ឯកសារសិក្សាស្រាវជ្រាវជាលក្ខណៈឯករាជ្យជាដើមផងដែរ ។ ទោះយ៉ាងណា ក៏ត្រូវបានទទួលស្គាល់ជាទូទៅផងដែរថា នៅមានអ្នកខ្លះលួចចម្លងស្នាដៃអ្នកដទៃ ធ្វើជារបស់ខ្លួន ដែលប្រការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ បាន និង កំពុងចាត់វិធានការជាបន្តបន្ទាប់ ដើម្បី ទប់ស្កាត់ ការលួចចម្លងស្នាដៃនេះ ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត
 

Copyright © 2016 PNN NEWS. All Rights Reserved.