ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ស្នាដៃប្រឡងពានឥន្ទ្រទេវី ឆ្នាំ២០២០ ជោគជ័យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

១០ មិថុនា ២០២០ | ព័ត៌មានជាតិ

ការប្រឡងតែងនិពន្ធដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២០ ទទួលបានជោគជ័យយ៉ាងខ្លាំង មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង ២០ ឆ្នាំមកនេះ។ ជោគជ័យខ្លាំងមិនធ្លាប់មាន ដោយសារទទួលបានច្រើន ទាំងចំនួនស្នាដៃ ផុលផុស ទាំងអ្នកចូលរួម គឺទាំងកវីនិពន្ធរៀមច្បង ទាំងកវីនិពន្ធជំនាន់ថ្មី មកពីគ្រប់រាជធានីខេត្តទូទាំងប្រទេស ហើយជាពិសេសក៏មានទាំងអ្នកនិពន្ធ នៅក្រៅប្រទេស ចូលរួមប្រកួតប្រជែងដែរ។

 


ការប្រឡងតែងនិពន្ធដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២០ ជោគជ័យយ៉ាងខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ២០ ឆ្នាំមកនេះ ! ជោគជ័យខ្លាំងមិនធ្លាប់មាន ដោយសារទទួលបានច្រើនទាំងចំនួនស្នាដៃ ផុលផុសទាំងអ្នកចូលរួម គឺទាំងកវីនិពន្ធរៀមច្បង ទាំងកវីនិពន្ធជំនាន់ថ្មី មកពីគ្រប់រាជធានីខេត្តទូទាំងប្រទេស ហើយជាពិសេសក៏មានទាំងអ្នកនិពន្ធនៅក្រៅប្រទេស ចូលរួមប្រកួតប្រជែងដែរ។ នេះបើតាមការឱ្យដឹងរបស់លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និង ការអាន នៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលជាអ្នកទទួលបន្ទុកចាត់ចែងការប្រឡងតែងនិពន្ធដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ។

 


គប្បីរំឭកថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ត្រូវបានលោក កុក រស់ ហៅថា ជាជោគជ័យពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃ ការប្រឡងពានព្រះនាងឥន្ទ្រីទេវី ម្តងរួចទៅហើយ ដោយសារកាលណោះ ទទួលបានស្នាដៃចូលរួមចំនួន ៩១ ស្នាដៃ ក្នុងនោះ ប្រលោមកំណាព្យ ២៣ ស្នាដៃ និង ប្រលោមលោក ៦៨ ស្នាដៃ ។ ចំណែកឆ្នាំ ២០២០ នេះ ស្នាដៃចូលរួម បានហក់ឡើងដល់ ១៦៥ ស្នាដៃ ក្នុងនោះ ប្រលោមកំណាព្យ ៤៥ ស្នាដៃ និង ប្រលោមលោក ១២០ ស្នាដៃ ហើយប្រការគួរឱ្យចាប់អារម្មណ៍ គឺឆ្នាំនេះ ទទួលបានស្នាដៃចំនួន ២ ដែលជាស្នាដៃរបស់អ្នកនិពន្ធខ្មែរ រស់នៅឯប្រទេស ស៊្វីស ។

 


ប្រការគួរកត់សម្គាល់ ចំនួនស្នាដៃឆ្នាំនេះ គឺជាចំនួនប្រហាក់ប្រហែលគ្នាទៅនឹងការប្រកួតប្រជែងតែងនិពន្ធដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី កាលពីសម័យសង្គមរាស្ត្រនិយម ខណៈទឹកដម នៃ ស្នាដៃ ត្រូវបានលោក កុក រស់ ហៅថាមានលក្ខណៈប្រដំត្រសង៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024